header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កម្សាន្តៈ ព្រោះតែភារកិច្ចសិល្បៈ នាយ កុយ បានបែងចែកមិនឲ្យពាក់ព័ន្ធជាមួយជីវិតឯកជន ទោះជាជួបបញ្ហាអ្វីនៅតែឡើងឆ្លៀតញញឹម។ មិនទាន់រំសាយចិត្តនឹកអាឡ័យបងប្រុស ដែលចាកឆ្ងាយផង នាយ កុយ ត្រូវហោះទៅកូរ៉េ ដោយសារតែមិនអាចលុបគម្រោងបាន ក្រោយពេលទទួលកុងត្រាត្រឹមត្រូវ។

លោក ជួង ជី ហៅនាយ កុយ បានថ្លែងថា សពរបស់បងប្រុសលោក ដែលទទួលមរណភាពក្នុងវ័យ៧៣ឆ្នាំ ត្រូវបានលោកពិភាក្សាឲ្យបងប្អូនកូនក្មួយចាត់ចែង ហើយក៏បានសុំខមាទោសដល់បងប្រុសផងដែរ មិនបាននៅចប់ដល់ចុងកម្មវិធី ព្រោះត្រូវឡើងទៅប្រទេសកូរ៉េ ពេញបីថ្ងៃចូលឆ្នាំខ្មែរ ដើម្បីសម្តែងជូនបងប្អូននៅទីនោះ។ លោកថា ក្នុងចំណោមបងប្អូន៧នាក់ លោកជាកូនពៅគេ ដោយក្នុងនោះ ស្លាប់អស់៤នាក់ហើយ នៅសល់តែ៣នាក់ប៉ុណ្ណោះ គឺរូបលោក និងបងស្រី២នាក់។

នាយ កុយ បន្តថា មនុស្សយើងកើតចាស់ឈឺស្លាប់ អ្វីដែលអាចជួយបាន យើងត្រូវចេះជួយគ្នាសាងល្អបន្សល់ទុកនូវកេរ្តិ៍ឈ្មោះ ស្នាដៃដល់អ្នកជំនាន់ក្រោយ ហើយលោកចង់ឲ្យប្រជាជនយើងចេះស្រឡាញ់គ្នា ជួយគ្នាមិនថាសិល្បៈ និងក្រៅសិល្បៈ គឺយើងរួមគ្នា ទើបយើងជួបសុខដូចគ្នា។ ពិធីបុណ្យ៧ថ្ងៃរបស់សពបងប្រុស លោកនៅថ្ងៃទី១៧ និង១៨ ខែមេសាខាងមុខ។

នាយ កុយ លើកឡើងទៀតថា ដំណើរទៅកូរ៉េ លើកនេះ មានការសម្តែងជាមួយ ខាត់ សុឃីម និងសិល្បករមួយចំនួនទៀត ធ្វើម៉េចយើងជាអ្នកសិល្បៈមនុស្សរបស់មហាជន បើគេស្រឡាញ់គេចូលចិត្ត មានតែការតបស្នងនូវភាពសប្បាយរីករាយចេញពីសិល្បៈនេះឯង ទោះមានរឿងអ្វីក៏ដោយ។

គួរជម្រាបថា កាលពីថ្ងៃទី១៣ ខែមេសាកន្លងទៅថ្មីៗនេះ នាយ កុយ បានជួបទុក្ខធំ ខណៈបងប្រុសរបស់លោក បានទទួលមរណកាលទៅកាន់លោកខាងមុខ។ នាយ កុយ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថា ‹‹បងប្រុសខ្ញុំឈ្មោះ ជួង គុណ គាត់បានទៅចោលខ្ញុំហើយ គាត់ទៅរហូត សូមបងទៅអោយបានសុខចុះ››៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post