Sponsor
រិទ្ធី

រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កំណើនភ្ញៀវទេសចរដែលបានមកកាន់ខេត្តខេត្តព្រះសីហនុបានធ្លាក់ចុះ ខណៈដែលខេត្តកំពតហាក់ទទួលបានកំណើនទេសចរយ៉ាងគំហុក។ អ្នកជំនាញផ្នែកអភិបាលកិច្ចម្នាក់យល់ថាអាចបណ្តាលមកពី កំណើនជនជាតិចិនរស់នៅខេត្តព្រះសីហនុ ទើបប្រជាពលរដ្ឋខ្មែរប្តូរទិសដៅតំបន់ទេសចរណ៍។

លោក សេង មុន្នី អនុប្រធានមន្ទីទេសចរណ៍ខេត្តព្រះសីហនុ បានបង្ហាញក្នុងឆ្នាំ២០១៨ ចំនួនភ្ញៀវទេសចរសរុបមាន ១៥០ ៧៨០ នាក់ កើនបានត្រឹមតែ ៥ ភាគរយ បើប្រៀបធៀបកាលពីឆ្នាំ២០១៧។ មូលហេតុដែលធ្វើឲ្យចំនួនភ្ញៀវទេសចរធ្លាក់ចុះដូចនេះ គឺបណ្តាលមកពី ការទាក់ទាញភ្ញៀវទេសចរ ពីបណ្តាខេត្តដទៃ ជាពិសេសគឺខេត្តសៀមរាប ព្រៃវែង និង ខេត្តកំពត ជាដើម។ នេះជាការបញ្ជាក់របស់លោក សេង មុន្នី។​

លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានលើកឡើងថាការដែលធ្លាក់ចុះភ្ញៀវទេសចរនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ ជាសញ្ញាមួយដែលកើតឡើងជាពិសេសទាក់ទងនឹងការអាក់អន់ស្រពន់ចិត្ត ដែលប្រជាជនខ្មែរយើង ជាមួយនឹងការរៀបចំការគ្រប់គ្រងដែនដីទេសចរណ៍មួយនេះ។ ម្យ៉ាងទៀតសេវាកម្ម​និងការស្នាក់នៅនោះមានតម្លៃមួយដែលឡើងខ្ពស់កប់ពពក ធ្វើឲ្យប្រជាពលរដ្ឋជាពិសេសអ្នកដើរលេងកម្សាន្តនៅទីនោះ ពួកគេមានការធុញទ្រាន់ អ៊ីចឹងខ្ញុំបារម្ភថា ថ្ងៃអនាគត ខេត្តមួយនេះ នឹងក្លាយជាខេត្តឯកោ។

យ៉ាងណាក៏ដោយ លោកបានផ្តល់ជាអនុសាសន៍ថា រដ្ឋាភិបាល និង អាជ្ញាធរគួរណាស់តែត្រួតពិនិត្យតម្លៃសេវា សារជាថ្មី ជាពិសេសត្រួតពិនិត្យរាល់សកម្មភាពបទឧក្រិដ្ឋផ្សេងៗ ពីសំណាក់ជនជាតិចិន ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ មានទំនុកចិត្តក្នុងការទៅកម្សាន្តនៅខេតទេសចរណ៍ដ៏ធំនេះ។

គួររំលឹកផងដែរថា ក្រុងព្រះសីហនុដែលមានចំងាយ ២៣០ គីឡូម៉ែត្រ ពីភ្នំពេញត្រូវបានរដ្ឋាភិបាល ដាក់ជាតំបន់គោលដៅទេសចរណ៍ ការអភិវឌ្ឍន៍លើវិស័យអចនទ្រព្យ និង កំពុងផែដឹកទំនិញ។ តែកាលពីថ្មីៗនេះ លោក ស៊ីជីងភីង ប្រធានាធិបតីចិន បានប្តេជ្ញាជម្រុញឲ្យកំណើនទំហំពាណិជ្ជកម្មរវាងកម្ពុជានិងចិន ឲ្យបាន ៦ ពាន់លានដុល្លារ នឹងបង្កើតការងារប្រយោលក្នុងខេត្តព្រះសីហនុជាង ២ ម៉ឺនកន្លែង។

នៅរយៈពេលចុងក្រោយនេះ វិនិយោគិន អន្តរជាតិ ជាពិសេសជនជាតិចិន មានចំណាប់អារម្មណ៍យ៉ាងខ្លាំងដោយវិនិយោគ លើ់ទឹកដីនៃភាគនិរតីនេះ ដែលអ្នកជំនាញសេដ្ឋកិច្ចមើលឃើញថា ១០ ឆ្នាំទៀត ក្រុងព្រះសីហនុ នឹងក្លាយជាម៉ាកាវទី២ នៅតំបន់អាស៊ីអាគ្នេយ៍។ ម្យ៉ាងទៀត រាជរដ្ឋាភិបាលនឹងធ្វើឱ្យខេត្តព្រះសីហនុក្លាយជាខេត្តពហុបំណង។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor