Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សមត្ថកិច្ចប៉ុស្ដិ៍បឹងធំ ក្រោមបញ្ជាលោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៤នាក់ ខណៈដែលប្រមូលផ្តុំគ្នាផឹកស៊ី និងប្រើប្រាស់គ្រឿងញៀន ឆែកឆេរឃើញថ្នាំញៀនចំនួន៦កញ្ចប់តូច កាលពីវេលាម៉ោង៥៖៤០នាទីល្ងាច ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅក្នុងព្រៃរមាស២ សង្កាត់បឹងធំ ខណ្ឌពោធិសែនជ័យ រាឃធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ ទី១-ឈ្មោះ លឹម រដ្ឋា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅផ្ទះកើតហេតុខាងលើ ជាម្ចាស់ថ្នាំញៀន៦កញ្ចប់។ ទី២-ឈ្មោះ ហេម ហាន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ មិនពិតប្រកដ មានទីលំនៅភូមិស្រែខ្សាច់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល (ប្រើប្រាស់គ្រឿងញៀនច្រើនខែមកហើយ)។ ទី៣-ឈ្មោះ អូន កញ្ញា ភេទស្រី អាយុ២២ឆ្នាំ មុខរបរ ស្រ្តីម៉ាស្សា ស្នាក់នៅភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល មានស្រុកកំណើតភូមិព្រៃគ្នេស ស្រុកមេសាង ខេត្តព្រៃវែង។ ទី៤-ឈ្មោះ ផល ឌឿន ហៅស្រីពៅ អាយុ១៩ឆ្នាំ ស្នាក់នៅភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល មានស្រុកកំណើត ភូមិស្រែចែង ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត ។

សមត្ថកិច្ចបន្តថា មុនឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ បន្ទាប់ពីក្រុមជនសង្ស័យប្រមាណជិត១០នាក់ ប្រមូលផ្តុំគ្នាផឹកស៊ី នៅផ្ទះជនសង្ស័យ ឈ្មោះ លឹម រដ្ឋា មានទាំងប្រើប្រាស់គ្រឿងញៀនផង ឃើញក្នុងសកម្មភាព បង្កអសន្តិសុខក្នុងមូលដ្ឋាន ទើបប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ច ដោយមិនអស់ចិត្ត នគរបាលបានប្រើវិធីសាស្រ្តដើម្បីឲ្យដឹងច្បាស់ ក្នុងរូបភាពប្រើធ្នាក់ ធ្វើជាឲ្យទៅរកទិញថ្នាំញៀន ទើបដឹងច្បាស់ថា ជនសង្ស័យឈ្មោះ លឹម រដ្ឋា ជាអ្នកចែកចាយថ្នាំញៀន ទើបកម្លាំងចុះទៅបង្ក្រាប ចាប់ខ្លួនបាន៤នាក់ ស្រី២នាក់ ហើយអ្នកផ្សេងទៀតរត់គេចខ្លួនបាត់  ។

សមត្ថកិច្ចបន្តទៀតថា ក្នុងប្រតិបត្តិការនោះផងដែរ ជនសង្ស័យម្នាក់ ជាម្ចាស់ថ្នាំ គ្រាន់តែក្រឡេកឃើញកម្លាំងសមត្ថកិច្ច ស្ទុះបើកម៉ូតូរត់ តែមិនរួចគេចជ្រុលធ្លាក់ផ្លូវដួលរងរបួសមុខ ដៃ ជើង ដោយខ្លួនឯង ទើបសមត្ថកិច្ចតាមទាន់ចាប់ជាប់ រកឃើញថ្នាំញៀន៦កញ្ចប់តូច ។

ទោះជាយ៉ាងណាក្តី ស្រ្តី២នាក់ មិនទាន់ដឹងថាជាប់ពាក់ព័ន្ធ ទៅនឹងគ្រឿងញៀនដែរ ឬយ៉ាងណា សមត្ថកិច្ច ឃាត់ខ្លួនជាបណ្តោះអាសន្នរងចាំធ្វើតេស្តទឹកនោម ដើម្បីរកសារធាតុញៀនជាមុនសិន រួចបន្តបញ្ជូនខ្លួនជនសង្ស័យទាំង៤ ទៅផ្នែកជំនាញអធិការដ្ឋាន កសាងសំណុំរឿងបន្តទៅតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor