
មានរឿងរ៉ាវស្នេហាជាច្រើនបានកើតឡើងជាបន្តបន្ទាប់ ដោយអ្នកខ្លះ សមចិត្តប្រាថ្នា អ្នកខ្លះមិនសមបំណង អ្នកខ្លះស្នេហាខុសធម្មជាតិ ប្រុសស្រលាញ់ប្រុស ស្រីស្រលាញ់ស្រី អ្នកខ្លះជួបស្នេហាខុសវ័យជាដើម តែស្នេហ៍ពិតដែលអាចកាន់ដៃរួមគ្នាទៅបាន លុះត្រាតែភាគីទាំងពីរស្ម័គ្រចិត្ត ដាក់កាយ និងព្យាយាមប្រឹងប្រែងទាំងអស់គ្នាដើម្បីជំនះនូវឧបសគ្គទាំងឡាយ។
បើក្រឡេកមកមើលស្នេហ៍កំលោះក្រមុំមួយគូនេះវិញ បានសម្រេចចិត្តកាន់ដៃគ្នាចូលរោងការ បន្ទាប់ពីមានការស្រលាញ់ និងស្វែងយល់ចិត្តគ្នាអស់រយៈពេលប្រមាណជាង ២ឆ្នាំ ដែលមានចាស់ទុំទាំងសងខាងបានដឹងឮ និងពេញចិត្តគ្នាទៅវិញទៅមក។

បើតាមអ្នកជិតខាងបានប្រាប់ថា «គ្រួសារកូនកំលោះ និងកូនក្រមុំមានជីវភាពប្រហាក់ប្រហែលគ្នា ពោលគឺគ្មានអ្នកណាមានជាងអ្នកណាទេ»។

បើតាមយើងសង្កេតឃើញថា ការរៀបចំមង្គលការរបស់អ្នកទាំងពីរនេះ គឺមិនមានលក្ខណៈធំដុំអ្វីនោះទេ ប៉ុន្តែមើលទៅគ្រួសារទាំងសងហាក់មានក្តីអំណរ និងក្ដីសុខយ៉ាងខ្លាំង ព្រោះឃើញកូនប្រុស កូនស្រីចេះស្រលាញ់គ្នា។

យ៉ាងណាមិញក៍មានការសរសើរ និងជូនពរយ៉ាងច្រើនកុះករផងដែរ ពីសំណាក់អ្នកលេងហ្វេសប៊ុក ដោយអ្នកខ្លះលើកឡើងថា ផ្ទះវីឡា មានលុយ មានឡានជិះ ពេលខ្លះក៍មិនមានក្តីសុខស្មើអ្នករស់នៅក្នុងខ្ទមផង ព្រោះថា សុភមង្គលកើតពីការស្រលាញ់ និងយល់ចិត្តគ្នា អត់ឱនឲ្យគ្នាទៅវិញទៅមក មិនមែនកើតឡើងដោយសារលុយឡាន វីឡានោះទេ៕





