Sponsor
រិទ្ធី

នៅព្រឹកថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ សម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញប្រកាសបើកឱ្យដំណើរការ «មូលនិធិគន្ធបុប្ផាកម្ពុជា»។ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ពីមូលហេតុដែលសម្តេចគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជានូវចំនុចសំខាន់​ចំនួន០៣​៖​ 
១- ជាការលើកកម្ពស់សុខភាពមាតា ទារក និងកុមារ ដែលជាអាទិភាពចម្បងក្នុងក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល ដែលបច្ចុប្បន្នកុមារដែលមានអាយុចាប់ពី ៩ ឆ្នាំចុះមាន ចំនួនប្រមាណ ២០% ហើយបើគិតពីអាយុ ១៤ឆ្នាំចុះ គឺមានរហូតដល់ជាង ៣០% នៃចំនួនប្រជាជនកម្ពុជាសរុប។ ពួកគេគឺជាអនាគត ១០០%របស់ប្រទេសដោយពួកគេជាកម្លាំងពលកម្មបម្រើជាតិដ៏សំខាន់។
២- រាជរដ្ឋាភិបាលកម្ពុជាគាំទ្រ និងទទួលស្គាល់នូវស្នាដៃ និងគុណភាព នៃសេវាថែទាំសុខភាពរបស់មន្ទីរពេទ្យនេះសម្រាប់ម្តាយ ទារក​ និងកុមារ។ កម្ពុជាមានមោទនភាពណាស់ដែលមានមន្ទីរពេទ្យកុមារប្រកបដោយគុណភាពមួយនេះដែលឆ្លើយតបបានយ៉ាងល្អប្រសើរ ទៅនឹងសេចក្ដីត្រូវការក្នុងការថែទាំ និងព្យាបាលសុខភាព​ មាតា ទារក និងកុមារ​។ 
៣- ទន្ទឹមនឹងការបង្កើតថិវកាជាបន្តបន្ទាប់ក្នុងពេលកន្លងមក រួមទាំងការវិភាជន៍ប្រាក់ចំណូលពីទេសចរបរទេសចូលទស្សនាប្រាសាទអង្គរ ជូនដល់មន្ទីពេទ្យគន្ធបុប្ផាផង ពេលនេះគឺជាពេលវេលាដ៏សមរម្យបំផុត​ ដែលយើងគួរគប្បីមាន "មូលនិធិគន្ធបុប្ផាកម្ពុជា" មួយផ្ទាល់របស់ខ្លួន។ ម្យ៉ាងវិញទៀត កម្លាំងសេដ្ឋកិច្ច ធនធានហិរញ្ញវត្ថុ និងកម្លាំងទឹកចិត្តសប្បុរសធម៌ របស់សប្បុរសជននៅក្នុងស្រុងរបស់យើង ក៏កាន់តែមានភាពរឹកមាំ ជាមួយនឹងឧត្តមគតិ និងឆន្ទៈគាំទ្ររបស់មជ្ឈដ្ឋានសាធារណៈនៅក្នុងប្រទេស ក៏តែងតែមានភាពរស់រវើក ក្នុងការជំរុញសកម្មភាពរបស់មន្ទីពេទ្យគន្ធបុប្ផាផងដែរ។

យោងតាមហ្វេសប៊ុកសម្តេច ហ៊ុន សែន បានឱ្យដឹងថា៖ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានអរគុណ និងសោកស្តាយចំពោះ លោកសាស្ត្រាចារ្យ Beat Richner ដែលជាវីរបុរស និងជាស្ថាបនិកនៃមូលនិធិស្វ៊ីសជួយមន្ទីរពេទ្យគន្ធបុប្ផា ដែលមិនអាចមានវត្តមានក្នុងឱកាសជាប្រវត្តិសាស្ត្រនេះបាន ព្រោះឥឡូវនេះលោកបានសម្រាបកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យនៃប្រទេសស្វ៊ីស។ តែសម្តេចសូមសម្តែងនូវការកោតសរសើរសម្រាប់ការខិតខំប្រឹងប្រែងរបស់លោក ដែលបានលះបង់អស់កម្លាំងកាយចិត្ត និងហិរញ្ញវត្ថុក្នុងការជួយដល់មន្ទីរពេទ្យគន្ធបុប្ផាក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ ហើយសម្តេចក៏បានសូមជូនពរឱ្យលោកសាស្ត្រាចារ្យ​ ឆាប់ជាសះស្បើយ។

ម្យ៉ាងទៀត សម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏សូមថ្លែងអំណរគុណផងដែរចំពោះបុគ្គលិកពេទ្យទាំងអស់ នៃមន្ទីរពេទ្យគន្ធបុប្ផាក៏ដូចជានាយកប្រតិបត្តិបច្ចុប្បន្ន ដែលបានសម្រេចតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការរួមចំណែកដល់មន្ទីរពេទ្យទទួលបានកេរ្តិ៍ឈ្មោះល្អនិងត្រូវបានគេស្គាល់ជាទូទៅសម្រាប់គុណភាពនៃសេវាសុខភាពរបស់ខ្លួន។ សម្តេចតេជោ​ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលស្វ៊ីសដែលតែងតែគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ជាទាំងផ្នែកហិរញ្ញវត្ថុ​ និងបច្ចេកទេស​ និងថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ទាំងក្នុងស្រុកនិងអន្តរជាតិចំពោះការគាំទ្រមន្ទីរពេទ្យគន្ធបុប្ផាកន្លងមកផងដែរ។

នៅល្ងាចថ្ងៃទី ១១ មេសា ឆ្នាំ២០១៨នេះ សម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញមកដល់ខេត្តសៀមរាបដោយសុវត្តិភាពហើយ ដើម្បីត្រៀមអញ្ជើញបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៨ នៅថ្ងៃទី ១៣មេសា និងចូលរួមសប្បាយរីករាយជាមួយបងប្អូនប្រជាពលរដ្ឋកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅលើទឹកដីសៀមរាប អង្គរ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor