
ភ្នំពេញៈ យុវជនម្នាក់អត់លុយទិញថ្នាំជក់ បែកគំនិតចេញឆក់កាបូបពីនារីកម្មការិនីរោងចក្រ តែជិះរត់មិនរួច ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បឹងទំពន់ទី១ ដេញស្ទាក់ចាប់ឃាត់ខ្លួនបានភ្លាមៗតែម្ដង។
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលឡើងនាវេលាម៉ោង១១ និង៤០នាទីព្រឹក ថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ នៅចំណុចបណ្តោយផ្លូវលេខ១០BT ក្រុមទី៣ ភូមិសន្សំកុសល៤ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ហម រតនា ហៅក្រឹម ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ២១៨ ផ្លូវលេខ១៨២ ភូមិព្រៃស្ពឺ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ចំណែកស្រី្តរងគ្រោះឈ្មោះ ង៉ែត ចាន់វី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅផ្ទះលេខ១១១ ផ្លូវលេខ១០បេតេ ក្នុងភូមិសន្សំកុសល១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជាមួយនឹងការឃាត់ខ្លួននេះដែរ សមត្ថកិច្ចបានដកហូតកាបូបយួរដៃ១, ទូរស័ព្ទដៃ១គ្រឿង ម៉ាកណូគា (ជារបស់ស្រ្តីរងគ្រោះ) និងម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១១០ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1BU-4161 (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព)។
បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
