
ភ្នំពេញៈ រយៈពេលប៉ុន្មានថ្ងៃមកនេះ មានក្រុមជនអគតិមួយចំនួនតូច បានបន្តសកម្មភាពក្លែងបន្លំជាហ្វេសប៊ុក (Facebook) របស់បងប្អូនកងយោធពលខេមរភូមិន្ទ ហើយបង្ហោះខ្លឹមសារញុះញង់ បំបែកបំបាក់ លាបពណ៌មកលើកងទ័ព ដើម្បីប្រឆាំងរដ្ឋាភិបាល។
ការលាបពណ៌មកលើកងយោធពលខេមរភូមិនេះ គឺជាអំពើថោកទាប និងដ៏សែនល្ងង់ខ្លៅរបស់ក្រុមក្បត់ជាតិ ដែលបានប្រកាសធ្វើសកម្មភាពមកលើកងទ័ព ក្នុងចេតនាបំផ្លាញដល់ភាពសុខសាន្តរបស់ប្រជាពលរដ្ឋកម្ពុជា ដែលជ្រកក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់។
អ្នកនាំពាក្យក្រសួងការពារជាតិ ក៏ដូចជាកងទ័ពកម្ពុជាទាំងអស់ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះក្រុមជនក្បត់ជាតិទាំងនេះ ហើយសូមអំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ច ស្រាវជ្រាវស្វែងរកចាប់ខ្លួនក្រុមជនដែលបន្លំហ្វេសបុករបស់កងទ័ព យកមកផ្តន្ទាទោសតាមច្បាប់ឲ្យបានធ្ងន់ធ្ងរបំផុត។
កងយោធពលខេមរភូមិន្ទ មានការស្មោះត្រង់ និងការពារដាច់ខាតចំពោះរាជរដ្ឋាភិបាលស្របច្បាប់សម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំស្វែងរកសន្តិភាពជូនកម្ពុជាយ៉ាងលំបាក ហើយមិនឲ្យជនក្បត់ជាតិបានសម្រេចបំណងបំផ្លិចបំផ្លាញសន្តិភាពនេះឡើយ។
នេះបើយោងតាមហ្វេសប៊ុក អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ បានចេញផ្សាយ នៅយប់ថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នេះ៕
