
ពោធិ៍សាត់ៈ ទាំងឪពុកម្ដាយ និងកូនតូច ត្រូវបានដេកពេទ្យទាំងអស់គ្នា បន្ទាប់ពីពួកគេជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកាមរី បុកជាមួយម៉ូតូ កាលពីវេលាម៉ោង៩៖៣០នាទីព្រឹក ថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២០១៨ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៥៥ ចំណុចផ្លូវបំបែកក្រុមហ៊ុន MDS (M1) ស្ថិតនៅនៅភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សមត្ថកិច្ចឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងរវាងរថយន្តបុកជាមួយម៉ូតូ បណ្តាលឲ្យមនុស្សរងរបួសធ្ងន់២នាក់ របួសស្រាលម្នាក់ មានឈ្មោះដូចជា ១.ឈ្មោះ ឈុត មឿន ភេទប្រុស អាយុ៤៥ឆ្នាំ របួសស្រាល ២.ឈ្មោះ សួន សារីម ភេទស្រី អាយុ៤៨ឆ្នាំ របួសធ្ងន់ និង៣.ឈ្មោះ សោម ចាន់ណា ភេទស្រី អាយុ៨ឆ្នាំ របួសធ្ងន់។ អ្នកទាំងបី រស់នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ជនរងគ្រោះទាំង៣ ជិះម៉ូតូម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ បាត់ដំបង 1X-7744 ធ្វើដំណើរពីកើតទៅលិច បានបុកជាមួយរថយន្តម៉ាក កាមរី ពណ៌ខ្មៅ ស៊េរីឆ្នាំ៩៤ ពាក់ស្លាកលេខ ភ្នំពេញ 2A-3021 បើកបរដោយឈ្មោះ សុះ ម៉ាត់ ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរឥស្លាម នៅភូមិម្រម៉ោយ ឃុំម្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលបើកបរពីលិចទៅកើត។ មូលហេតុ វ៉ាជែងក្នុងសភាពគ្រោះថ្នាក់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះធ្វើការវាស់វែង ហើយយកម៉ូតូ និងរថយន្ត ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រាប រងចាំធ្វើការដោះស្រាយតាមក្រោយ។ ចំណែកអ្នករងគ្រោះទាំង៣ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យខេត្តពោធិ៍សាត់៕





