ភ្នំពេញៈ ជនជាតិចិនម្នាក់ បានបើករថយន្តស៊េរីទំនើបបោះពួយយ៉ាងលឿន ហើយបានរេចង្កូតទៅបុករះរទេះលក់មីឆា និងកង់បីឥណ្ឌាពីរគ្រឿង ដែលចតលើចិញ្ចើមផ្លូវ បណ្ដាលរងការខូចខាតយ៉ាងដំណំ និងធ្វើឲ្យស្ត្រីម្នាក់ជាអ្នកលក់មីឆា រងរបួសផងដែរ។
គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយជនជាតិចិននេះ កើតឡើងកាលពីវេលាម៉ោង២និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវសុធារស នៅចំណុចមុខផ្សារអ៊ីអន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនជាតិចិនម្នាក់ បើករថយន្តស៊េរីទំនើបម៉ាក PORSCHE ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2A-T9527 បើកពីត្បូងទៅជើងក្នុងល្បឿនលឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចចង្កូតទៅបុករះរទេះលក់មីឆា និងកង់បីឥណ្ឌា ដែលចតលើចិញ្ចើមផ្លូវពេញទំហឹង បណ្ដាលឲ្យរទេះលក់មីឆារប៉ាត់រប៉ាយពេញផ្លូវ និងកង់បីឥណ្ឌាខូចខាតយ៉ាងដំណំ និងធ្វើឲ្យស្ត្រីអ្នកលក់មីឆាម្នាក់ធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុ រថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ ព្យាយាមបើករត់ទាំងកង់ខាងមុខបែក ត្រូវម្ចាស់កង់បីឥណ្ឌារងគ្រោះ និងម៉ូតូប្រជាពរដ្ឋដេញរហូតដល់ឧស្សានបុរីទន្លេបាសាក់ ទើបឃាត់បានទាំងរថយន្ត និងអ្នកបើកបរ។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានចុះមកដល់ ហើយបានទាក់ទងទៅកម្លាំងជំនាញមកវាស់វែងយករថយន្ត និងតៃកុង ព្រមទាំងកង់បីឥណ្ឌាទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕