
ភ្នំពេញៈ គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច បានប្រកាសស្វាគមន៍ ចំពោះការបង្កើតគណបក្សឆន្ទៈខ្មែរ បង្កើតឡើងដោយកូនប្រុសលោក គង់ គាំ អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងអតីតប្រធានគណបក្សសម រង្ស៊ី។
លោក សុខ ឥសាន បានឲ្យដឹងនៅថ្ងៃទី២៦ មេសាថា នៅពេលថ្មីៗនេះ លោក គង់ ម៉ូនីកា កូនប្រុសលោក គង់ គាំ បានសម្រេចបង្កើតគណបក្សមួយមានឈ្មោះថា គណបក្សឆន្ទៈខ្មែរ ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នេះ។
លោកបន្តថា ការបង្កើតគណបក្សថ្មីនេះ បញ្ជាក់ច្បាស់ថា នៅកម្ពុជាសិទ្ធិនយោបាយរបស់ពលរដ្ឋ ត្រូវបានបើកទូលាយស្របតាមស្មារតីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ការបង្កើតគណបក្សនយោបាយថ្មី ក៏បញ្ជាក់ច្បាស់ថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នៅតែរស់រវើក និងស្រស់បំព្រងដដែល ទោះបីអតីតបក្សប្រឆាំងចង់យកលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនក៏ដោយ ។
លោកបញ្ជាក់ថា «គណបក្សប្រជាជនកម្ពុជា ស្វាគមន៍ការបង្កើតគណបក្សថ្មីទាំងទ្បាយ ដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោតនាពេលខាងមុខឆាប់ៗនេះ»។
សូមជម្រាបថា កាលពីថ្ងៃទី២៥ មេសា លោក គង់ មុនីកា កូនប្រុសពៅលោក គង់ គាំ បានប្រកាស និងអំពាវនាវបង្កើតគណបក្សនយោបាយមួយឈ្មោះគណបក្សឆន្ទៈខ្មែរ ដើម្បីចូលរួមបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៦រដ្ឋសភា ដែលនឹងប្រព្រឹត្តថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុនេះ។
ទាក់ទងនិងគណបក្សនយោបាយដែលត្រៀមខ្លួនក្នុងការប្រកួតប្រជែងការបោះឆ្នោតនៅ ពេលខាងមុខនេះដែរ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា មកត្រឹមព្រឹកថ្ងៃទី២៥ ខែមេសា ថា រហូតមកដល់បច្ចុប្បន្ននេះ គណបក្សនយោបាយ ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ មានចំនួនសរុប ៣៧គណបក្សនយោបាយ។ ហើយក្រសួងមហាផ្ទៃបានលុបចោលគណបក្សនយោបាយដែលបង្កើតរួចហើយ មិនបានសុំចុះបញ្ជីមានចំនួន២៣គណបក្ស និងគណបក្សចំនួន១៣ទៀត ដែលបានសុំចុះបញ្ជីរួចហើយ តែមិនធ្វើសកម្មភាព ក៏ត្រូវបានលុបចោលដែរ។
ចំណែកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា កាលពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣ មានគណបក្សនយោបាយចំនួន៨ បាន ចូលរួមឈរឈ្មោះបោះឆ្នោត។ ដោយឡែកចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិ កាលទី៦ ឆ្នាំ២០១៨ ខាងមុខ យោងតាមរបាយការណ៍ដែល គ.ជ.ប ទទួលបានពីក្រសួមហាផ្ទៃ មកទល់ពេលនេះ មានគណបក្សនយោបាយដែលបានចុះបញ្ជីផ្លូវការមានចំនួន៣៧៕
