header ads

Sponsor

រិទ្ធី

ភ្នំពេញៈ អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ព្រមទាំងបងប្រុស គឺ​លោក​ ឡាយ​ ណារិទ្ធ​ អតីតស្នងការរងនគរបាលខេត្តតាកែវ​ ទទួលន្ទុកសេដ្ឋកិច្ច​ ពេលនេះត្រូវតុលាការ បាន​ចោទប្រកាន់ជាផ្លូវការហើយ​ ចំណែកគូកន៤នាក់ផ្សេងទៀត ត្រូវតុលាការចោទប្រកាន់២នាក់​ ដោះលែងឲ្យមានសេរីភាពវិញ២នាក់។

មន្រ្តីតុលាការបានប្រាប់អង្គភាពសារព័ត៌មាន CAM POST នៅរសៀលមុននេះថា​ ជនសង្ស័យឈ្មោះ ឡាយ វណ្ណៈ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ និងបងប្រុសលោកឈ្មោះ ឡាយ ណារិទ្ធ ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ ត្រូវបានតុលាការ ចោទពីបទ​ឃាតកម្ម ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នា២០១៨ តាមបញ្ញត្តិមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ។

មន្រ្តីតុលាការបន្តទៀថា ចំណែកជនសង្ស័យ​ឈ្មោះ ម៉េង សាម៉ៃ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ជឹម វុធ ហៅថូត ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ត្រូវបានតុលាការចោទពីបទលាក់បំបាំងតម្រុយ ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ តាមបញ្ញត្តិមាត្រា ៥៣២ នៃក្រមព្រហ្មទណ្ឌ។ ដោយឡែកជនសង្ស័យ២នាក់ទៀត ត្រូវដោះលែងវិញ។

ការកាត់ទោសជនសង្ស័យខាងលើនេះ បន្ទាប់ពី​ត្រូវប៉ូលិសក្រសួងមហាផ្ទៃនៅរសៀលថ្ងៃចន្ទនេះ បានបញ្ជូនទៅតុលាការ ​បន្ទាប់ពីចាប់ខ្លួន និងសួរនាំអស់រយៈពេលជាច្រើនម៉ោង​។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ស្ត្រីម្នាក់ ឈ្មោះ ចេវ សុវឌ្ឍនា អាយុ៣៦ឆ្នាំ មានកូន៣នាក់ក្នុងបន្ទុក មានទីលំនៅបច្ចុប្បន្នស្នាក់នៅបុរីប៉េងហួត ផ្លូវជាតិលេខ២ សមាជិកនៃក្រុមយុវជន ក១៥៧ និងជាអ្នកបម្រើការនៅរដ្ឋសភាផងដែរនោះ ត្រូវបានអ្នកបម្រើប្រទះឃើញចងកស្លាប់នៅក្នុងបន្ទប់ដេក នៅក្នុងភូមិវីឡាមួយកន្លែង នាភូមិផ្សារតាកោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

ក្នុងរបាយការណ៍នគរបាលក្រុងដូនកែវ បានបញ្ជាក់ថា ស្ត្រីឈ្មោះ ចេវ សុវឌ្ឍនា បានយកខ្សែវាំងននបង្អួចចងកសម្លាប់ខ្លួន នៅកម្ពស់ពីកម្រាលឥដ្ឋ២៤០សង់ទីម៉ែត្រ ពីចុងជើង មកកម្រាលឥដ្ឋ២០សង់ទីម៉ែត្រ។ ករណីនេះ ជាករណីធ្វើអត្តឃាតប្រាកដមែន។

ប៉ុន្តែការស្លាប់នេះ ត្រូវបានសាច់ញាតិ និងមហាជនដាក់ការសង្ស័យថា មិនមែនជាករណីអត្តឃាតចងកឡើយ ព្រោះស្ថានភាពស្លាប់បង្កប់នូវចំណុចគួរឲ្យសង្ស័យច្រើន ដែលបានធ្វើឲ្យក្រុមគ្រួសារមានមន្ទិល ហើយក៏ត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃ បើកការស៊ើបអង្កេតថ្មីមួយ ដោយឃាត់ខ្លួនមន្ត្រីនគរបាលខេត្តតាកែវ ចំនួន៨នាក់ មកសាកសួរ ក្នុងនោះ មានឈ្មោះ ឡាយ ណារិទ្ធ ជាបងប្រុសរបស់លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ដែលត្រូវបានរាជរដ្ឋាភិបាល ដកតំណែងកាលពីពេលថ្មីៗនេះ។

លោក ឡាយ វណ្ណៈ គឺជាកូនប្រុសរបស់ថៅកែហាងមាស និងពេជ្រឈ្មោះ គង់ ហុង នៅផ្សារថ្មី និងជាកូនប្រសារបស់លោក ស៊ូ ភារិន្ទ អតីតចៅហ្វាយខេត្តសៀមរាប។ ចំណែកលោក ឡាយ ណារិទ្ធ ជាបងប្រុសបង្កើតលោក ឡាយ វណ្ណៈ គឺជាកូនប្រសារបស់លោក ឯក ក្រិត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post