header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មនុស្សមួយគ្រួសារ មានទាំងស្ត្រីកូនតូចទៀតផង បានរងរបួសប៉ោងភ្នែកខៀវមុខបែកក្បាល បន្ទាប់ពីឪពុកកូន២នាក់ ជាមន្ត្រីនគរបាលបានព្រួតវាយ ព្រោះតែខឹងរឿងចាក់ធុងបាស់ឮៗពេក។ ហេតុការណ៍ហិង្សានេះ កើតឡើងនៅវេលាម៉ោង៧យប់ ថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ ត្រង់ចំណុចមុខផ្ទះលេខ១០៩ ជាប់ផ្ទះលេខ១១០ ស្ថិតក្នុងភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះមួយគ្រួសារ រួមមាន ទី១/ឈ្មោះ ធិន បែក អាយុ៥៨ឆ្នាំ មុខរបររត់ឌុប មានប្រពន្ធឈ្មោះ សួស ពៅ អាយុ៥៥ឆ្នាំ មុខរបរលក់ដូរ និងកូនស្រីឈ្មោះ ធិន ស្រីនៀង អាយុ៣០ឆ្នាំ មុខរបរមេផ្ទះ ដែលមានប្តីឈ្មោះ រី រស្មី អាយុ២៥ឆ្នាំ។ អ្នកទាំងអស់គ្នា ស្នាក់នៅផ្ទះលេខ១០៩ ស្ថិតក្នុងភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ចំណែកជនបង្កឈ្មោះ វុទ្ធី ភេទប្រុស អាយុជាង៥០ឆ្នាំ មុខរបរមន្ត្រីនគរបាលចរាចរណ៍រាជធានីភ្នំពេញ ដែលមានកូនឈ្មោះ ឆៃ ភេទប្រុស អាយុប្រហែល២៥ឆ្នាំ មុខរបរជាមន្ត្រីនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ស្នាក់នៅផ្ទះជាប់របងតែមួយជាមួយជនរងគ្រោះ។

ស្ត្រីឈ្មោះ ធិន ស្រីនៀង ប្រាប់ឲ្យភ្នាក់ងារអង្គភាពសារព័ត៌មាន Cam Post ឲ្យដឹងថា នៅមុនពេលកើតហេតុ ដោយសារប្តីរបស់គាត់ ទើបទិញធុងបាស់ដើម្បីទុកចាក់ស្តាប់ពេលចូលឆ្នាំខាងមុខនេះ ហើយក៏បានបើកសាក ខណៈកំពុងស្តាប់បាន៥ទៅ៦បទ ស្រាប់តែបុរសម្នាក់ នៅផ្ទះជាប់គ្នាដែលគេស្លាល់ថា ជាមន្ត្រីនគរបាល បានស្រែកជេរប្រមាថមកថា “ហ្អែងបើកមើលអញផង អញថ្លង់ណាស់”។ ពេលនោះ ប្តីរបស់គាត់ក៏បានស្រែកថា “ខ្ញុំបើកសាកបាស់បន្តិចទេ” តែបុរសជាមន្ត្រីនគរបាលនោះ នៅតែបន្តជេរប្រមាថដដែលៗ ទើបគាត់ទ្រាំលែងបាន ក៏ស្រែកជេរតបវិញ រហូតកើតមានហិង្សាដាក់គ្នា ដោយបុរសជាមន្ត្រីនគរបាល រួមទាំងឪពុកម្នាក់ទៀត ជាមន្ត្រីនគរបាលចរាចរណ៍ បានរត់មកព្រួតវាយ។ ឃើញដូច្នោះ រូបគាត់ជាប្រពន្ធ ក៏រត់ទៅឃាត់ និងឪពុកម្តាយចាស់ៗ មកជួយគាត់ទៀត ធ្វើឲ្យគេវាយបណ្ដាលឲ្យរងរបួសទាំង៤នាក់ ដោយឪពុកម្តាយកូនប៉ោងមុខបែកក្បាលគ្រប់គ្នា។

ទោះជាយ៉ាងណា ករណីនេះ ភាគីមន្ត្រីនគរបាល ដែលជាជនបង្កទាំងពីរនាក់ មិនបានផ្ដល់ការបកស្រាយប្រាប់អ្នកសារព័ត៌មានឡើយនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី តែដោយសារដោះស្រាយមិនចេញ ទើបសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសាកសួរបន្ត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post