header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុៈ បញ្ហាឆ្លងចរន្តចេញពីម៉ាស៊ីនភ្លើងរបស់សណ្ឋាគារ Holiday Villa (ហូលីដេ វីឡា) កណ្ដាលក្រុងព្រះសីហនុ បង្កជាអណ្ឋាតភ្លើងឆេះឡើងសន្ធោសន្ធៅ ដោយឆេះបំផ្លាញអស់ទូរ ATM របស់ធនាគារ ANZ មួយគ្រឿង រថយន្ត៣គ្រឿង ម៉ាស៊ីនភ្លើងរបស់សណ្ឋាគារមួយគ្រឿង និងសម្ភារៈជាច្រើនផ្សេងទៀត។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ១១៖៣០នាទីយប់ ថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ នៅចំណុចខាងមុខសណ្ឋាគារ Holiday Villa (ហូលីដេ វីឡា) ផ្លូវ៥០២ ស្ថិតក្នុងក្រុម១៥ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

បើតាមសមត្ថកិច្ចជំនាញ បានបញ្ជាក់ថា គ្រោះអគ្គិភ័យខាងលើនេះ កើតឡើងដោយសារការឆ្លងចរន្តចេញពីម៉ាស៊ីនភ្លើងរបស់សណ្ឋាគារផ្ទាល់តែម្ដង ដែលបណ្តាលឲ្យផ្ទុះឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលទាំងកណ្ដាលអធ្រាត្រ។ យ៉ាងណា អគ្គិភ័យលើកនេះ មិនមានមនុស្សរងគ្រោះថ្នាក់ឡើយ ព្រោះសមត្ថកិច្ចបានអន្តរាគមន៍បាញ់ទប់ស្កាត់មិនឲ្យរាលដាលដល់អគារ និងផ្ទះប្រជាពលរដ្ឋភ្លាមៗ។

អគ្គិភ័យនេះដែរ បានបណ្ដាលឲ្យខូចខាតទាំងស្រុង នូវម៉ាស៊ីនភ្លើង ចំនួន១គ្រឿង ទូរ ATM ធនាគារ ANZ ចំនួន១គ្រឿង និងរថយន្តចំនួន៣គ្រឿង រួមមាន ១-រថយន្តម៉ាក TUNTDRA (ធុនត្រា) ពណ៌ទឹកមាស ពាក់ស្លាកលេខ ខេមរភូមិន្ទ09 2-5644 ម្ចាស់ (ពុំទាន់ស្គាល់អត្តសញ្ញាណ), ២-រថយន្តម៉ាក LUXES (ឡិចស៊ីស) RX 330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-4923 ដែលម្ចាស់ឈ្មោះ ទីន កាម៉ាល់ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរបុគ្គលិកក្រុមហ៊ុនកាតទូរស័ព្ទ QB មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងទី៣-រថយន្តម៉ាក RANGER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-5402 ម្ចាស់(ពុំទាន់ស្គាល់អត្តសញ្ញណ) ព្រមទាំងខូចខាតផ្នែកខាងមុខសណ្ឋាគារមួយចំនួន។

ដោយមានការសហការកម្លាំងកងរាជអាវុធហត្ថ រួមជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្ត ចេញអន្តរាគមន៍ជួយសង្គ្រោះពន្លត់ រហូតបានរលត់១០០% នៅវេលាម៉ោង១២៖២០នាទី ថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមេសានេះ ដោយបានប្រើរថយន្តពន្លត់អគ្គិភ័យសរុបចំនួន៤គ្រឿង ប្រើប្រាស់អស់ទឹក៨ឡាន ក្នុងនោះ រថយន្តពន្លត់អគ្គិភ័យរបស់កម្លាំងអាវុធហត្ថខេត្ត ចំនួន២គ្រឿង អស់ទឹកចំនួន២ឡាន និងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត ចំនួន២គ្រឿង អស់ទឹកចំនួន៦ឡាន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post