
តាកែវ :ភ្លៀងផ្គរមួយមេលាយលំជាមួយខ្យល់កន្រ្កាក់ កាលពីរសៀលថ្ងៃពុធ ទី ២៥ ខែ មេសា ឆ្នាំ ២០១៨នេះ បានធ្វើអោយផ្ទះចំនួន ៤ខ្នងរបស់បងប្អូនប្រជាពលរដ្ឋនៅភូមិបឹងត្រាញ់ខាង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ត្រូវបានខ្យល់បោកបក់អោយរលំខូចខាតទាំងស្រុង។

លោក កេត ម៉ៅ អភិបាលស្រុកសំរោងបានថ្លែងឲ្យដឹងថា ផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ នៅភូមិឃុំខាងលើ ពិតជាបានជួបបញ្ហាដោយសារតែភ្លៀងមួយមេ ព្រមទាំងមានខ្យល់បក់ខ្លាំងកាលពីល្ងាចមិញពិតប្រាកដមែន។ ក្នុងចំណោមផ្ទះរបស់បងប្អូនប្រជាពលរដ្ឋចំនួន៥ ខ្នងដែលរងការប៉ះពាល់ដោយសារតែខ្យលកន្រ្តាក់នោះមាន៤ខ្នង ទទួលរងការខូចខាតនិងមួយខ្នងទៀត ខូចខាតទាំងស្រុង ។ ក៏ប៉ុន្តែទោះយ៉ាងណាក៏ដោយគ្រោះធម្មជាតិនេះ មិនបណ្ដាលអោយមានគ្រោះថ្នាក់ដល់មនុស្សនោះទេ។
បើតាមលោកអភិបាលស្រុក ក្រោយកើតហេតុភ្លាមអាជ្ញាធបានចុះទៅដល់កន្លែងកើតហេតុ ហើយបានរាយការណ៏ មកកាន់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ដើម្បីនាំយកអំណោយមនុស្សធម៌ទៅចែកជូន ដល់បងប្អូន ប្រជាពលរដ្ឋដែលផ្ទះរបស់ខ្លួនបានរងការខូចខាត៕



