
ភ្នំពេញៈ តាមពិតអំពើហិង្សាកើតឡើងក្នុងខារ៉ាអូខេ Qi Hao Gong Guan ជនរងគ្រោះ គឺជាតារាសម្ដែងស្រីស្អាត ដែលត្រូវបានគេស្គាល់ឈ្មោះ ហ្វីហ្វី ហើយរឿងនេះ កំពុងបន្តឡើងទៅដល់ក្រសួងមហាផ្ទៃ បន្ទាប់ពីភាគីជនជាតិចិន ដែលជាថៅកែខារ៉ាអូខេ និងជាជនដៃដល់ មិនចូលខ្លួនដោះស្រាយជាមួយជនរងគ្រោះ ចំពោះមុខសមត្ថកិច្ចកាលពីថ្ងៃម្សិលម្ងៃ។

រហូតមកដល់ថ្ងៃទី ២៦ ខែ មេសាឆ្នាំ ២០១៨ នេះ រឿងរ៉ាវករណីហិង្សានេះ ត្រូវបានបញ្ចប់ដោយការសម្រុះសម្រួលគ្នា ជាមួយសំណងទឹកប្រាក់ ៨០០០ដុល្លារ ដែលភាគីខាងជនបង្កដោយជនជាតិចិន ផ្ដល់ឲ្យជនរងគ្រោះ សម្រាប់ផ្ដល់ជាជំងឺចិត្ត និងការព្យាបាល។


នេះបើយោងតាមការ Live បញ្ជាក់ពីតារាសម្ដែង ហ្វីហ្វី
សូមជម្រាបថា បុរសជនជាតិចិនម្នាក់ ដែលជាថៅកែហាងខារ៉ាអូខេយីហោ QI HAO GONG GUAN បានប្រើហិង្សាដោយការទាត់ និងទះកំផ្លៀងលើនារី២នាក់ ដោយបង្ខំឲ្យពួកនាងបម្រើភ្ញៀវជនជាតិចិន ដែលជាមិត្តភ័ក្តរបស់ខ្លួន ខណៈភ្ញៀវទាំងនោះ តែងតែបង្ខំនារីបម្រើភ្ញៀវឲ្យទៅដេកជាមួយ។

ករណីម្ចាស់ហាងខារ៉ាអូខេចិន រកស៊ីលើទឹកដីខ្មែរ មិនដាក់យីហោអក្សរខ្មែរ ហើយប្រើហិង្សាលើស្ត្រីខ្មែរ ខាងលើនេះ បានបង្កជាការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោងប្រមាណជាង៨យប់ ថ្ងៃច័ន្ទ ៩កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នៅចំណុចហាងខារ៉ាអូខេខាងលើ ដែលមានទីតាំងក្នុងផ្សារបឹងត្របែកផ្លាហ្សា ស្ថិតសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

នារីរងគ្រោះ ប្រាប់ភ្នាក់ងារសារព័ត៌មាន ឲ្យដឹងថា នាងមិនមែនជាបុគ្គលិកនៅហាងខារ៉ាអូខេខាងលើនោះទេ ប៉ុន្តែដោយសារនាងមានមិត្តភ័ក្តជាបុគ្គលិកបម្រើភ្ញៀវនៅទីនោះ ទើបនាងមកលេង ហើយពេលខ្លះថៅកែហាងជនជាតិចិននោះ ក៏បានហៅនាងឲ្យជួយទទួលភ្ញៀវម្ដងម្កាល តែពេលចប់ក៏ទៅផ្ទះវិញ។

នាងរងគ្រោះ បញ្ជាក់ថា នៅមុនពេលកើតហេតុ មិត្តភ័ក្តរបស់នាងម្នាក់ បានទូរស័ព្ទហៅនាងឲ្យមកជួយកំដរភ្ញៀវ ដែលជាមិត្តភ័ក្តថៅកែ ហើយនាងក៏មកមានគ្នាចំនួន២នាក់។ បន្ទាប់ពីមកដល់ក្នុងបន្ទប់ ពួកនាងក៏ដើរចេញក្រៅវិញ ព្រោះភ្ញៀវជនជាតិចិនទាំងនោះ តែងតែបង្ខំនារីៗ ដែលជាដៃគូកំដរទៅដេកជាមួយ។ ខណៈពេលចេញមកវិញនោះ ស្រាប់តែថៅកែជនជាតិចិន បានមកសួរនាំ ហើយធាក់នាងពីក្រោយ បណ្ដាលឲ្យដួលច្រងាប់ច្រងិល រួចចាប់ទះកំផ្លៀងចំនួន២ដៃ ទើបបង្កជាការភ្ញាក់ផ្អើលឡើងតែម្ដង។