
កំពង់ស្ពឺៈ កម្លាំងព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្ដិ៍នគររដ្ឋបាលព្នាយ បានឃាត់ជនសង្ស័យម្នាក់ ក្រោយពីជននេះបានប្រើប្រាស់អំពើហិង្សា និងបម្រុងដុតផ្ទះខ្លួនឯងចោល។
ការឃាត់ខ្លួននេះ សមត្ថកិច្ចធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង២រសៀល នៅភូមិបេង ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ អៀម វាសនា ហៅណុយ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។
ប្រភពបានបញ្ជាក់ថា ជនសង្ស័យរូបនេះ បានប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ ដោយបានវាយរបស់របរនៅក្នុងផ្ទះបណ្តាលឲ្យខូចខាត និងបានយកសាំងបម្រុងដុតផ្ទះរបស់ខ្លួនចោលទៀត។ ក្រោយពីអស់អំណត់អត់ធន បុរសជាឪពុកឈ្មោះ ណុប វុទ្ធី អាយុ៥៦ឆ្នាំ ក៏បានមកដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចចាប់ខ្លួនកូនប្រុសយកមកចាត់ការតាមនីតិវិធីតែម្តង។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា រូបគេពិតជាបានវាយ និងបម្រុងដុតបំផ្លិចបំផ្លាញទ្រព្យសម្បត្តិពិតប្រាកដមែន។
បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕
