Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ​ មានហេតុការណ៍ភ្ញាក់ផ្អើល​មួយបានកើតឡើង ដោយសារតែសន្តិសុខសាលាអន្តរជាតិ​ អាយ​ អុី​ អ៊ែល​ បានប្រើហិង្សាទៅលើម្ចាស់រថយន្តតាក់សុី បណ្តាលឲ្យរថយន្តខាងលើបែកកញ្ជក់ខាងមុខ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២ និង៣៥នាទីរសៀល​ ថ្ងៃសុក្រ​ ១៣កើត​ ខែពិសាទ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស​.២៥៦២​ ត្រូវនឹងថ្ងៃទី២៧​ ខែមេសា​ ឆ្នាំ២០១៨​ ដែលស្ថិតនៅមុខចំណុចសាលាអន្តរជាតិ​ អាយ​ អុី​ អ៊ែល​ តាមបណ្តោយផ្លូវលេខ៧០​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុ​ បានប្រាប់ឲ្យដឹងថា​ មុនកើតហេតុ​ គេបានឃើញរថយន្តឈ្នួល​១គ្រឿង​ ម៉ាកទួរីស​ ពណ៌សម្បកឪឡឹក​ ពាក់ស្លាកលេខ​ កំពង់ស្ពឺ​ 2A-3323​ មិនត្រូវបានស្គាល់ឈ្មោះនោះទេ​ ជិះមកឈប់នៅមុខចំណុចសាលាអន្តរជាតិ​ខាងលើ ដើម្បីដាក់ម៉ូយចុះ។​ ខណៈនោះ ស្រាប់តែមានសន្តិសុខសាលាអន្តរជាតិម្នាក់ ​មិនស្គាល់ឈ្មោះ​បានដើរចេញមកខាងក្រៅ​ ដោយនៅក្នុងដៃមានកាន់ដំបង​ ហើយក៏បានធ្វើសកម្មភាពវាយទៅលើរថយន្តខាងលើ បណ្តាលឲ្យបែកកញ្ចក់​ រួចក៏ចាប់ម្ចាស់រថយន្តឈ្នួលរូបនោះ ចូលទៅខាងក្នុងសាលារៀនបាត់ថែមទៀត។

បន្តិចក្រោយមក​ ក៏ត្រូវបានប្រជាពលរដ្ឋដែលនៅក្បែរនោះបាននាំគ្នារត់ទៅជួយ​ និងបានប្តឹងទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកអន្តរាគមន៍ផងដែរ។

ក្រោយពីសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់នោះ​ ភាគីខាងសាលាអន្តរជាតិ​ អាយ​ អុី​ អ៊ែល​ ខាងលើបានចេញមកសម្រួលជាមួយម្ចាស់រថយន្តរងគ្រោះ ដោយម្ចាស់រថយន្តរងគ្រោះបានទាមទារសំណងចំនួន១៥០ដុល្លារ​ ប៉ុន្តែភាគីខាងសាលាអន្តរជាតិ​ សុំត្រឹម​ ១០០ដុល្លារតែប៉ុណ្នោះ​។ ហើយភាគីខាងរថយន្តរងគ្រោះក៏បានសម្រេចទទួលយកសំណងនោះ​ ដើម្បីចប់រឿងតែម្តង។

សូមបញ្ជាក់ផងដែរថា​ ប្រជាពលរដ្ឋ​ដែលរស់នៅក្បែរសាលាអន្តរជាតិខាងលើនេះ​ មានការមិនពេញចិត្តទៅលើសន្តិសុខសាលានោះទេ​ ដោយសន្តិសុខខាងសាលានេះ​ តែងតែចេញមកវាយអ្នករត់ម៉ូតូឌុប​ និងរុឺម៉កម៉ូតូណា​ ដែលជិះមកឈប់នៅចំណុចមុខសាលារបស់ខ្លួន។

ប្រជាពលរដ្ឋ​ដែលរស់នៅក្បែរនោះ​ បាននាំគ្នាសំណូមពរដល់អាជ្ញាធរ​ មានសមត្ថកិច្ច​ មេត្តាជួយអន្តរាគមន៍​ និងយកសន្តិសុខសាលាអន្តរជាតិ​ខាងលើនេះ​ យកទៅអប់រំណែនាំផង​។ បើសិនជាទុកនៅបែបនេះទៀត​ ច្បាស់ជាមានបញ្ហា​ ក៏ដូចជាបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋដែលគាត់មិនដឹងអី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor