header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បាត់ដំបងៈ បន្ទាប់ពីមានការភ្ញាក់ផ្អើល និងចុះផ្សាយពីការប្រទះឃើញគ្រាប់បែកមួយគ្រាប់ នៅស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃម្សិលមិញនោះ នៅព្រឹកថ្ងៃសុក្រនេះ សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង បានចេញមុខមកបញ្ជាក់ថា ករណីនេះ មិនមែនជាគ្រាប់បែកទេ ប៉ុន្តែគឺជាដែកកេះសម្រាប់ដុតបារីប៉ុណ្ណោះ។

បើតាមទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឲ្យដឹងថា ដែកកេះ សម្រាប់ប្រើប្រាស់ក្នុងការដុតបារី ដែលមានទ្រង់ទ្រាយស្រដៀងគ្នានឹងគ្រាប់បែកដៃ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ និងរើសយកទៅប្រគល់ជូនសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកំរៀង ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ក្នុងភូមិម្នាស់កាល ឃុំអូរដា ស្រុកកំរៀង។ ប៉ុន្តែសមត្ថកិច្ចមិនបញ្ជាក់ថា នឹងស្វែងរកម្ចាស់ដេកកេះ ដែលធ្វើឲ្យមានការភ័ន្តច្រឡំ និងបង្កការភ័យខ្លាចនេះឡើយ។

ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បញ្ជាក់ថា វត្ថុនោះ គឺមិនមែនជាគ្រប់បែកដៃនោះទេ តែវាជាដែកកេះសម្រាប់ដុតបារី ដែលប្រជាពលរដ្ឋបានប្រទះឃើញ និងមានការសង្ស័យ ហើយបានរាយការណ៍ជូនសមត្ថកិច្ចនគរបាលមូលដ្ឋានប៉ុណ្ណោះ។

យ៉ាងណា ករណីប្រទះឃើញដេកកេះ ដែលមានសណ្ឋានដូចគ្រាប់បែកពិត ដែលជនបង្កទម្លាក់ចោលលើផ្លូវសាធារណៈក្នុងទីប្រជុំជននេះ គេហាក់មានចេតនាធ្វើឲ្យមានការភ័ន្តច្រឡំ និងបង្កការភ័យខ្លាចដល់សង្គម ខណៈពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខិតចូលមកដល់ ហើយស្របពេលដែលប្រមុខរាជរដ្ឋាភិបាល បានប្រកាសទប់ស្កាត់គម្រោងបំផ្ទុះគ្រាប់បែករបស់ក្រុមលោក សម សេរី នៅ២ថ្ងៃ មុនពិធីបុណ្យចូលឆ្នាំទៀតនោះ។

គួរជម្រាបថា ប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់បែកមួយគ្រាប់ ដែលគេទុកចោលនៅលើផ្លូវ ដោយមានរុំស្កុតពណ៌ខ្មៅ នៅវេលាម៉ោងប្រមាណ៣រសៀល ថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិម្នាស់កាល ឃុំអូដា ស្រុកកំរៀង ខេត្តបាត់ដំបង ហើយរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន។

បើទោះជាបែបណា ភ្លាមៗ បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ចអធិការដ្ឋាន​នគរបាលស្រុកកំរៀង បានចុះដល់កន្លែងកើតហេតុ ហើយបានយកគ្រាប់បែកនោះ ទៅពិនិត្យ និងរក្សាទុកនៅអធិការដ្ឋានស្រុក ដើម្បីទុកធ្វើការ​ស្រាវជ្រាវ​។ សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង ក៏បានដុតដៃដុតជើងស្រាវជ្រាវរកម្ចាស់គ្រាប់បែបនេះ​ ដើម្បីយកមកធ្វើការសាកសួរ​ឲ្យដឹងគោលបំណងពិតផងដែរ។

ការប្រទះឃើញគ្រាប់បែកផ្លុងចោលលើផ្លូវនេះ កើតឡើងបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាជាសម្ងាត់ឲ្យអាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធររាជធានីភ្នំពេញ និងខេត្តសៀមរាប ត្រៀមលក្ខណៈបង្ក្រាប និងទប់ស្កាត់គម្រោងបំផ្ទុះគ្រាប់បែករបស់លោក សម សេរី នៅរមណីយដ្ឋានវត្តភ្នំ និងខេត្តសៀមរាប នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ មុនថ្ងៃចូលឆ្នាំខ្មែរ ចូលមកដល់។

សម្ដេចបានប្រកាសក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសកលវិទ្យាល័យជាតិគ្រប់គ្រង កាលពីថ្ងៃទី១០ ខែមេសាកន្លងទៅថ្មីៗនេះថា ជនក្បត់ជាតិនៅក្រៅប្រទេសឈ្មោះ សម សេរី មានផែនការរៀបចំការបំផ្ទុះនៅវត្តភ្នំ និងនៅសៀមរាប តែសម្តេចបានដាក់ចេញបទបញ្ជាសម្ងាត់ ដើម្បីបង្ការហេតុការណ៍នេះអស់ហើយ មិនឲ្យបំណងពិសពុលនេះ បានសម្រេចនោះឡើយ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់​ថា “សូមបង្រ្កាបផែនការអ្នកឯង នៅថ្ងៃទី១២ នៅវត្តភ្នំ មេក្បត់ជាតិមួយ សម សេរី បានបញ្ជាឲ្យបង្កចលាចលសំឡេងផ្ទុះ ប៉ុន្តែផែនការអ្នកឯង ខ្ញុំបានចាប់យកមុនទៅហើយ។ អ្នកឯងប្រុងធ្វើនៅភ្នំពេញ និងសៀមរាប ការគ្រប់គ្រងអំណាចមិនមែនជា រឿងលេងសើចទេ

បើទោះបីជាយ៉ាងនេះក្តី លោកស្នងការ អ៊ុច សាខុន បានអំពាវនាវដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន សូមកុំប្រើប្រាស់វត្ថុណាមួយ ដែលងាយនឹងបង្កឲ្យមានការភ័ន្តច្រឡំដូចជាករណីមួយនេះ ហើយជាមួយគ្នានេះ សូមប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន មេត្តាផ្តល់ព័ត៌មានជាបន្ទាន់ ដល់សមត្ថកិច្ចនគរបាលដែលនៅជិតបំផុត ក្នុងករណីប្រទះឃើញវត្ថុ ឬសម្ភារៈណាមួយ ដែលមានការសង័្សយ ដើម្បីសមត្ថកិច្ចមានវិធានការត្រួតពិនិត្យ និងដោះស្រាយជូនជាបន្ទាន់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post