
កម្សាន្តៈ លោក ថៃ សាន ជាវិចិត្រករឆ្នើមម្នាក់ ដែលមានទឹកដៃដ៏ពិសេស ដែលអាចគូរឆ្លាក់គំនូរបានគ្រប់បែបបទគ្រប់សណ្ឋាន ជាពិសេសគំនូរក្រាហ្វិចតាមកុំព្យូទ័រ។ សង្ក្រាន្តឆ្នាំថ្មីលើកនេះ វិចិត្រករមុខស្រស់ ថៃ សាន បានទាញយកការចាប់អារម្មណ៍ផ្អើលស្រទាប់មហាជន បន្ទាប់ពីបានរំលេចឡើងនូវការរចនាគំនូរក្លោងទ្វារសង្រ្កាន្តព្រៃវែង ចំបែបបថរចនាជាខ្មែរសុទ្ធសាធ។
ការខិតខំប្រឹងប្រែង បូករួមនឹងការស្រឡាញ់វិស័យសិល្បៈគំនូរតាំងពីក្មេងវ័យ ដែលរៀនគូរនៅលើក្រដាស បានរុញច្រានឲ្យយុវជនមកពីខេត្តបន្ទាយមានជ័យ ឈ្មោះ ថៃ សាន ក្លាយជាអ្នកជំនាញផ្នែកគំនូរក្រាហ្វិក (Graphic Art) រហូតត្រូវបានគេដាក់ងារថាជា "វិចិត្រករក្រាហ្វិកដៃឯក"។

អំឡុងពេលនៅរៀនថ្នាក់វិទ្យាល័យ វិចិត្រករសម្បុរសរូបនេះ ធ្លាប់ជាអតីតសិស្សផ្នែកគំនូររបាំប្រពៃណី និងល្ខោននៃអង្គការគ្រួសារថ្មី នៅឯស្រុកកំណើត។ ក្រោយពីពេលប្រឡងបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងឆ្នាំ២០០២ ដោយសារស្រឡាញ់ជាប់ចិត្តនឹងគំនូរ លោកបានសម្រេចចិត្តចូលបន្តសិក្សាឯកទេសវិចិត្រកម្ម នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងឆ្នាំ២០០៣ តាមរយៈកម្មវិធីអាហារូបករណ៍រដ្ឋ។

បច្ចុប្បន្ន លោក ថៃ សាន បានលះបង់ពេលវេលាជាច្រើនមករចនារូបភាពដាក់ក្នុងទំព័រសៀវភៅពុម្ពសិក្សាសម្រាប់កុមារគថ្លង់ តាំងពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ ស្របតាមកម្មវិធីសិក្សាជាតិអប់រំ របស់ក្រសួងអប់រំ យុវជន និងកីឡា។ ក្រៅពីនេះ លោកមានតួនាទីជាគ្រូបង្រៀនជំនាញគំនូរដល់កុមារគថ្លង់ទាំងឡាយ ដែលកំពុងស្នាក់អាស្រ័យនៅក្នុងអង្គការផងដែរ៕












