
ព្រះវិហារៈ សាកសពលោកយាយ អាយុ៧៤ឆ្នាំម្នាក់ ត្រូវបានបងប្អូនប្រជាពលរដ្ឋប្រទះឃើញ ដេកស្លាប់នៅក្នុងព្រៃ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីម៉ោង៥៖៣០នាទីល្ងាចថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨។
តាមការរៀបរាប់ពីឈ្មោះ ថោង ង៉ីម ត្រូវជានកូនបានឲ្យដឹងថា ម្តាយគាត់ឈ្មោះ សួន មុំ អាយុ៧៤ឆ្នាំ រស់នៅភូមិត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត បច្ចុប្បន្នស្នាក់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ហើយម្តាយរបស់គាត់បានបាត់ខ្លួនអស់រយៈពេលបីថ្ងៃមកហើយ គឺតាំងពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨មកម្ល៉េះ តែពួកគាត់ដើររកពុំឃើញឡើយ លុះមកដល់ល្ងាចកើតហេតុ ទើបមានគេប្រទះឃើញគាត់ដេកស្លាប់នៅក្នុងព្រៃ ដោយសភាពស្តូកស្តឹងនិងស្អុយរលួយទៅហើយ។
ក្រោយប្រទះឃើញសាកសពលោកយាយហើយ ក៏បានរាយការណ៍ទៅសមត្ថកិច្ចនៅប៉ុស្តិ៍រដ្ឋបាលឃុំកន្ទួតឲ្យចុះមកធ្វើកោសលវិច័យ ទើបដឹងថា លោកយាយបានដើរវង្វេងនៅក្នុងព្រៃតែម្នាក់ឯង បណ្តាលឲ្យរល់គរដួលស្លាប់មិនមែនជាអំពើឃាតកម្មឡើយ។
បច្ចុប្បន្នសាកសពលោកយាយត្រូវបានប្រគល់ឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណីផងដែរ៕

