
កំពង់ចាមៈ គួរឲ្យអនិច្ចា និងអាណិតដល់ស្ត្រីម្នាក់ រួមទាំងក្មេងប្រុសស្រី៣នាក់ទៀត បានស្លាប់បាត់បង់ជីវិត ក្រោយនាំគ្នាទៅលេងទឹក បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ ថ្ងៃសៅរ៍ ១៤រោច ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ នៅចំណុចក្បាលកោះ ទល់មុខភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។
បើតាមសមត្ថកិច្ចនគរបាលបានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់បងជីវិត ទី១-ឈ្មោះ ស្លេះ ហាសាណាស់ ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម ទី២-ឈ្មោះ អាណាហ្វុី អាហ៊្វណាហ៊ីម ភេទប្រុស អាយុ១២ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម ទី៣-ឈ្មោះអាណាហ្វុី សារីរ៉ា ភេទស្រី អាយុ៥ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម និងទី៤-ឈ្មោះ ជុក ឧស្មាន ភេទស្រី អាយុ៨ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម។ អ្នកទាំង៤នាក់នេះ មានទីលំនៅក្នុងភូមិសាច់សូរ ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។

ប្រភពព័ត៌មានបានឲ្យដឹងបន្ថែមថា បន្ទាប់ពីទទួលបានដំណឹងពីករណីខាងលើភ្លាម សមត្ថកិច្ចបានចុះជួយសង្គ្រោះ និងរាវរកស្រង់បានសាកសព៣នាក់។ ដោយឡែកសាកសពម្នាក់ទៀតឈ្មោះ អាណាហ្វីុ អាហ្វីុណាហ៊ីម អាយុ១២ឆ្នាំ គឺទើបតែរាវរកឃើញ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៥ ខែមេសានេះ។

ទាក់ទិននឹងករណីដ៏គួរឲ្យសង្វេកនេះ សមត្ថកិច្ចបានចុះទៅធ្វើការពិនិត្យ និងស្រាវជ្រាវ ហើយបានបញ្ជាក់ថា ជនរងគ្រោះទាំង៤នាក់ខាងលើ គឺស្លាប់បាត់បង់ជីវិតដោយសារលង់ទឹកពិតប្រាកដមែន មិនមានស្លាកស្នាមអ្វីពាក់ព័ន្ធករណីផ្សេងនោះឡើយ។ ក្រោយពិនិត្យរួច សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


