Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ នៅរសៀលថ្ងៃចន្ទនេះ​ ត្រូវប៉ូលិសក្រសួងមហាផ្ទៃ​ បញ្ជូនទៅតុលាការហើយ ​បន្ទាប់ពីចាប់ខ្លួននិងសួរនាំអស់រយៈពេលជាច្រើនម៉ោង​។

លោក​ ឡាយ​ វណ្ណៈ​ ដែលគេអះអាងថា​ ជាបណ្ឌិតក្រៅប្រទេស​ ពេលនេះត្រូវប៉ូលិសចាប់ក្រៀកវ៉ៃខ្នោះបញ្ជូនឡើងរថយន្តឆ្ពោះទៅកាន់តុលាការ បន្ទាប់ពីបងប្រុសរបស់លោកឈ្មោះ​ ឡាយ​ ណារិទ្ធ​ និងគូកន៤នាក់ទៀត ត្រូវព្រះរាជអាជា្ញរងចោទប្រកាន់។

លោក ឡាយ វណ្ណៈ ដែលទើបតែត្រូវដកចេញពីតំណែង ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន នៅម៉ោង៣៖៣០នាទីរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨នេះ នៅមុខសាលាវិយាល័យជាស៊ីមតាកែវ ក្រុងដូនកែវ ខេត្តតាកែវ។ នេះបើតាមមន្ត្រីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់ CAM POST នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ម្សិលមិញ។

មន្ត្រីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការចាប់ខ្លួន អតីតអភិបាលខេត្តតាកែវរូបនេះ គឺអនុវត្តតាមដីកាបង្គាប់ឲ្យឃាត់ខ្លួនរបស់លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីឃាតកម្មដ៏អាថ៌កំបាំងសម្លាប់ស្រីកំណាន់របស់ខ្លួន នៅក្រុងដូនកែវ ខេត្តតាកែវ។

សូមរំលឹកថា អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់អង្គភាពសារព័ត៌មាន Cam Post នៅយប់ថ្ងៃទី៣១ ខែមីនានេះថា រឿងស្រ្តីមេម៉ាយកូនបីស្លាប់នៅក្រុងដូនកែវ គឺជារឿងឃាតកម្ម ហើយរឿងនេះ អ្នកនៅជាមួយជនរងគ្រោះ បានសារភាពអស់ហើយថា លោក ឡាយ វណ្ណៈ ជាអ្នកនៅពីក្រោយ។

បើតាមលោក ខៀវ សុភ័គ ៖ រឿងនេះ មិនមាននរណាពាក់ព័ន្ធទៀតទេ គឺបញ្ចប់ត្រឹមលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ.... យើងមិននឹកស្មានថា គាត់ហ៊ានធ្វើបែបនេះ​ គាត់ឧស្សាហ៍ទៅទីនោះញឹកញាប់…… ជារឿងធម្មតាទេ ពីព្រោះគាត់ជាអភិបាលខេត្ត... រហូតមកទល់ពេលនេះ មិនទាន់ចាប់ខ្លួន តែកម្លាំងយើងឃ្លាំមើលរហូត ពីព្រោះមិនទាន់មានដីកា...... ឲ្យតែមានបញ្ជាចាប់ភ្លាម

អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នាព្រលប់ថ្ងៃទី៣១ ខែមីនាមុននេះ បានទទួលស្គាល់ថា លោក និងជនរងគ្រោះ ចែវ សុវឌ្ឍនា ពិតជាមានទំនាក់ទំនងស្នេហាប្រាកដមែន ប៉ុន្តែបដិសេធថា លោក និងបងប្រុស(ឡាយ ណារិទ្ធ) មិនជាប់ពាក់ព័ន្ធនឹងការសម្លាប់ស្ត្រីរងគ្រោះឡើយ។ លោថា បើសិនជាលោក និងបងប្រុសជាអ្នកប្រព្រឹត្ត ម៉្លេះពេលនេះ អ្នកទាំងពីរ បានគេចខ្លួនទៅក្រៅប្រទេសបាត់ទៅហើយ លោកមិនរត់ទៅណាទេ។

លោក ឡាយ វណ្ណៈ បញ្ជាក់ថា រូបខ្ញុំ និងប្អូនស្រី ចេវ សុវឌ្ឍនា មានទំនាក់ទំនងស្នេហា ស្រឡាញ់គ្នាជាមួយគាត់ពិតប្រាកដមែនក្នុងរយៈពេលជាង១ឆ្នាំកន្លងមកនេះ! ក្រោយមក ដោយភរិយាខ្ញុំបានដឹង ខ្ញុំបានសុំកាត់ផ្តាច់ទំនាក់ទំនងជាមួយគាត់ ដែលធ្វើឲ្យគាត់ខឹងសម្បានឹងខ្ញុំ រហូតដល់គាត់គិតខ្លីធ្វើអត្តឃាដខ្លួនឯង!...... ស្អែកនេះ ខ្ញុំនៅខេត្តតាកែវ ដើម្បីចូលរួមពិធីផ្ទេរមុខតំណែងប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តតាកែវ ពីខ្ញុំឲ្យទៅឯកឧត្តម អ៊ូច ភា ដែលជាអភិបាលថ្មីខេត្តតាកែវយើង ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន

ពាក់ព័ន្ធសំណុំរឿងសម្លាប់ស្ត្រីមេម៉ាយកូនបី នៅក្រុងដូនកែវ ខេត្តតាកែវ កាលពីដើមឆ្នាំ២០១៨នេះ ត្រូវបានផ្ទេរសមត្ថកិច្ចពីតុលាការខេត្តតាកែវ មកកាន់សាលាដំបូងរាជធានីភ្នំពេញ ហើយសំណុំរឿងនេះ ស្ថិតនៅក្នុងដៃលោកព្រះរាជអាជ្ញារង សៀង សុខ ជាអ្នកសួរចម្លើយជនសង្ស័យ។

ជនសង្ស័យ៥នាក់ ក្នុងនោះ មានស្ត្រីម្នាក់ និងស្នងការរងនគរបាលខេត្តតាកែវម្នាក់ផងដែរ ដែលត្រូវជាបងប្រុសបង្កើតរបស់លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ត្រូវបានបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីវេលាម៉ោង៣៖៥០នាទីរសៀល ថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨នេះ។ ប៉ុន្តែរហូតមកទល់ម៉ោង៦កន្លះថ្ងៃដដែល តុលាការបានសម្រេចបញ្ជូនជនសង្ស័យទៅឃុំខ្លួនបណ្ដោះអាសន្ននៅក្រសួងមហាផ្ទៃ ដោយរង់ចាំធ្វើការសាកសួរបន្ថែមទៀត នៅថ្ងៃស្អែក។

ជនសង្ស័យទាំង៥នាក់នេះ គឺស្ថិតក្នុងចំណោម៨នាក់ ដែលត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួន កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ដើម្បីសួរនាំលើរឿងក្ដីសម្លាប់ស្ត្រី ជាមន្ត្រីបម្រើការនៅរដ្ឋសភាម្នាក់ នៅក្រុងដូនកែវ ខេត្តតាកែវ កាលពីចុងខែមករា ឆ្នាំ២០១៨ បន្ទាប់ពីករណីស្លាប់នេះ ត្រូវបានគេកាឡៃជាករណីអត្តឃាត។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ស្ត្រីម្នាក់ ឈ្មោះ ចេវ សុវឌ្ឍនា អាយុ៣៦ឆ្នាំ មានកូន៣នាក់ក្នុងបន្ទុក មានទីលំនៅបច្ចុប្បន្នស្នាក់នៅបុរីប៉េងហួត ផ្លូវជាតិលេខ២ សមាជិកនៃក្រុមយុវជន ក១៥៧ និងជាអ្នកបម្រើការនៅរដ្ឋសភាផងដែរនោះ ត្រូវបានអ្នកបម្រើប្រទះឃើញចងកស្លាប់នៅក្នុងបន្ទប់ដេក នៅក្នុងភូមិវីឡាមួយកន្លែង នាភូមិផ្សារតាកោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

ក្នុងរបាយការណ៍នគរបាលក្រុងដូនកែវ បានបញ្ជាក់ថា ស្ត្រីឈ្មោះ ចេវ សុវឌ្ឍនា បានយកខ្សែវាំងននបង្អួចចងកសម្លាប់ខ្លួន នៅកម្ពស់ពីកម្រាលឥដ្ឋ២៤០សង់ទីម៉ែត្រ ពីចុងជើង មកកម្រាលឥដ្ឋ២០សង់ទីម៉ែត្រ។ ករណីនេះ ជាករណីធ្វើអត្តឃាតប្រាកដមែន។

ប៉ុន្តែការស្លាប់នេះ ត្រូវបានសាច់ញាតិ និងមហាជនដាក់ការសង្ស័យថា មិនមែនជាករណីអត្តឃាតចងកឡើយ ព្រោះស្ថានភាពស្លាប់បង្កប់នូវចំណុចគួរឲ្យសង្ស័យច្រើន ដែលបានធ្វើឲ្យក្រុមគ្រួសារមានមន្ទិល ហើយក៏ត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃ បើកការស៊ើបអង្កេតថ្មីមួយ ដោយឃាត់ខ្លួនមន្ត្រីនគរបាលខេត្តតាកែវ ចំនួន៨នាក់ មកសាកសួរ ក្នុងនោះ មានឈ្មោះ ឡាយ ណារិទ្ធ ជាបងប្រុសរបស់លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ដែលត្រូវបានរាជរដ្ឋាភិបាល ដកតំណែងកាលពីពេលថ្មីៗនេះ។

ពាក់ព័ន្ធករណីនេះផងដែរ បើតាមប្រភពព័ត៌មានច្បាស់ការបានឲ្យដឹងថា លោក ឡាយ វណ្ណៈ បានគេចខ្លួនបាត់ហើយ មិនដឹងទៅទីណាទេ ខណៈសមត្ថកិច្ចបញ្ជូនលោក ឡាយ ណារិទ្ធ មកតុលាការ។

លោក ឡាយ វណ្ណៈ គឺជាកូនប្រុសរបស់ថៅកែហាងមាស និងពេជ្រឈ្មោះ គង់ ហុង នៅផ្សារថ្មី និងជាកូនប្រសារបស់លោក ស៊ូ ភារិន្ទ អតីតចៅហ្វាយខេត្តសៀមរាប។ ចំណែកលោក ឡាយ ណារិទ្ធ ជាបងប្រុសបង្កើតលោក ឡាយ វណ្ណៈ គឺជាកូនប្រសារបស់លោក ឯក ក្រិត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor