ភ្នំពេញៈ ប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ ត្រូវបានចៅក្រមតុលាការក្រុងភ្នំពេញ សម្រចឲ្យនៅក្រៅឃុំហើយ នាថ្ងៃច័ន្ទនេះ ដោយដាក់ឲ្យស្ថិតក្រោមការឃ្លាំមើលរបស់តុលាការ។ នេះបើយោងដីកាបង្គាប់ឲ្យដោះលែងរបស់លោក លី លឹមម៉េង ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨។
យោងដីកាបង្គាប់ទៅលោកប្រធានមណ្ឌលអប់រំកែប្រែរាជធានីភ្នំពេញ ហៅកាត់ PJ របស់ចៅក្រម លី លឹមម៉េង បានបញ្ជាក់យ៉ាងដូច្នេះថា “បង្គាប់មកលោកប្រធានមណ្ឌលអប់រំកែប្រែរាជធានីភ្នំពេញ (PJ) ឲ្យដោះលែងជនត្រូវចោទឈ្មោះ ញិក ប៊ុនឆៃ (ញឹក ប៊ុនឆៃ) ភេទប្រុស អាយុ៥៩ឆ្នាំ (០៧.០២.១៩៥៨) ជនជាតិខ្មែរ មខុរបរ ប្រធានគណបក្សខ្មែររួបរួមជាតិ ទីកន្លែងកំណើត ភូមិតាអុងខាងលិច ឃុំស្វាយចេក ស្រុកថ្មពួក ខេត្តបាត់ដំបង មានទីលំនៅនៅមុនពេលឃាត់ខ្លួនផ្ទះលេខ២២G ផ្លូវកែវចិន្តា ភូមិ៣ សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ ឪពុកឈ្មោះ ញឹក ឆេន (ស) ម្តាយឈ្មោះ អួន សាម៉េត (ស) ប្រពន្ធឈ្មោះ សម សុភាព (រ) មានកូន០៤នាក់ ទោសពីមុនគ្មាន ជានីតិជន”។
ដីកាដដែលនេះ បញ្ជាក់ទៀតថា “ត្រូវបានតុលាការដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទៈ សមគំនិត ក្នុងបទផលិតគ្រឿងញៀន និងនាំចូលសារធាតុសម្រាប់ផ្សំគ្រឿងញៀន ប្រព្រឹត្តនៅចំណុចភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០០៧ តាមមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ មាត្រា៣៨.១ថ្មី ចំណុចទី៤ មាត្រា ៣២.១ ចំណទី៤.ង នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០០៥ ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន បើសិនជាឈ្មោះនេះ មិនត្រូវបានឃុំខ្លួនពីបទល្មើសផ្សេងទៀត”៕