Sponsor
រិទ្ធី

លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ នេះ បានអំពាវនាវសារជាថ្មី ដល់ប្រជាពលរដ្ឋខ្មែរកុំទៅបោះឆ្នោតនៅខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ តាមរយៈគេហទំព័រហ្វេសប៊ុក។ អតីតប្រធានគណបក្សសង្គ្រោះជាតិបានពន្យល់ថា៖ ចលនាសង្គ្រោះជាតិ និងគណបក្សសង្គ្រោះជាតិ (CNRP) អំពាវនាវសារជាថ្មីម្តងទៀត បងប្អូនជនរួមជាតិ និងក្មួយៗទាំងអស់ សូមធ្វើពហិការ កុំទៅបោះឆ្នោតឲ្យសោះ បើរដ្ឋអំណាចសព្វថ្ងៃ មិនឲ្យគណបក្សសង្គ្រោះជាតិមានឈ្មោះក្នុងការបោះឆ្នោតខាងមុខ។

លោកបន្តទៀតថា៖ មានតែគណបក្សសង្គ្រោះជាតិមួយគត់ ដឹកនាំដាយ លោក សម រង្ស៊ី និងលោក កឹម សុខា ដែលប្រកាន់ជំហរច្បាស់លាស់និងរឹងមាំ គួរឲ្យទុកចិត្តបាន ក្នុងការទាមទារការផ្លាស់ប្តូរ ជាវិជ្ជមាន តាមបែបបទប្រជាធិបតេយ្យ។ គ្មានគណបក្សណាអាចជំនួសគណបក្សសង្គ្រោះជាតិ បានទេ។ ទិញមិនលក់ សម្លុតមិនខ្លាច បំបែកមិនបែក។ គណបក្សដទៃទៀត ដែលមកចូលរួមការបោះឆ្នោត ដោយឆ្លៀតឱកាស មិនមានវត្តមានគណបក្សសង្គ្រោះជាតិ គឺគ្រាន់តែមក លម្អឆាកល្ខោនឲ្យរបបផ្តាច់ការរៀបចំការបោះឆ្នោតក្លែងក្លាយ ដើម្បីបន្តកាន់អំណាចរបស់ខ្លួន តែប៉ុណ្ណោះ។

លោកបានលើកយកគំរូរបស់ លោក មហាត្មៈ គន្ធី (Mahatma Ghandi) នៅប្រទេសឥណ្ឌា និង វីរបុរសជាច្រើនទៀតក្នុងពិភពលោក។ ពហិការ មិនទៅបោះឆ្នោត គឺជាជំហរ និងកាយវិការមួយ ដ៏ថ្លៃថ្នូរ ត្រឹមត្រូវ និងមានប្រសិទ្ធភាព សមស្របទៅនឹងការតស៊ូ អហិង្សា ដើម្បីបុព្វហេតុមួយដ៏ត្រឹមត្រូវ។

នៅចុងបញ្ចប់នៃសេចក្តីអំពាវនាវនេះ លោក សម រង្ស៊ី ថាបើប្រជាពលរដ្ឋខ្មែរ ច្រើនលើសលប់ ធ្វើពហិការ មិនទៅបោះឆ្នោតឲ្យគណបក្សណាទាំងអស់ បើមិនមានឈ្មោះគណបក្សសង្គ្រោះជាតិលើសន្លឹកឆ្នោតនោះទេ យើងនឹងរួមចំណែកទាំងអស់គ្នា ដើម្បីដកភាពស្របច្បាប់ពីការបោះឆ្នោតក្លែងក្លាយខាងមុខ និងដកភាពស្របច្បាប់ពីរបបផ្តាច់ការ ដែលបានបំផ្លាញលិទ្ធិប្រជាធិបតេយ្យ ហើយដែលពិភពលោកកំពុងថ្កោលទោស។ មានតែជំហរនិងកាយវិការ ពហិការ បែបនេះទេ ដែលអាចនាំមកនូវការផ្លាស់ប្តូរ ឆ្ពោះទៅរកសេរីភាព និងយុត្តិធម៌ ដូចយើងចង់បានទាំងអស់់គ្នា។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor