Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ទំនងជាស្រវឹងស្រា បាន​បើករថយន្តលឿងដូចហោះ រួចជ្រុលទៅបុកម៉ូតូមួយគ្រឿង បណ្ដាលឲ្យ​បុរស២នាក់ រងរបួសធ្ងន់ ហើយ​រថយន្តបន្ត​ទៅ​បុកទ្រូងផ្លូវ និងបង្គោលភ្លើងបាក់១ដើម រថយន្តក្រឡាប់ពីរ-បីត្រឡប់ អ្នកបើកបរ​រងរបួសស្រាល។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ កើតឡើងនៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូល​ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវវេងស្រេង ត្រង់ចំណុចភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

អ្នកឃើញហេតុការណ៍បាន​ប្រាប់​​ CAM POST ថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2X-4594 បើកពីលិចទៅកើតក្នុងល្បឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកម៉ូតូស្មាស់​រ៉េវ៉ូ ពណ៌ខៀវពាក់ស្លាក់លេខភ្នំពេញ 1P-8224 បើកដោយយុវជនពីរនាក់ស្របគ្នាពេញទំហឹង បណ្ដាលឲ្យ​ម៉ូតូផ្លោងប្រហែល១៥ម៉ែត្ររងរបួសធ្ងន់ ហើយរថយន្តរេចង្កូតហោះទៅបុកទ្រូងផ្លូវ និងបង្គោលភ្លើងបំភ្លឺផ្លូវបាក់​១ដើម ព្រមទាំងស្លាកចរារណ៍មួយដើមទៀត ហើយរថយន្តក្រឡាប់ពីរទៅបីត្រឡប់ រងការខូចខាតស្ទើរទាំងស្រុង។​ ភ្លាមៗនោះអ្នករងរបួស ត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅសង្គ្រោះ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍មកវាស់វែង និងស្ទូចយករថយន្តបង្ក និងម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor