
សៀមរាបៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បណ្តាលឲ្យអ្នកបើកបររថយន្តឡិចសុីសម្នាក់ ស្លាប់ភ្លាមមួយរំពេច ចំណែកម្នាក់ទៀតរងរបួសស្រាល នៅថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៤ និង៤០នាទីរសៀល នៅលើផ្លូវជាតិលេខ៦A ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៥០-៣៥១ ក្នុងភូមិផ្លាំង ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។
សមត្ថកិច្ចនគរបាលជំនាញបានឲ្យដឹងថា រថយន្តម៉ាកឡិចស៊ីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-9455 បើកបរដោយឈ្មោះ គិម វ៉ាន់ថា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិគោកស្វាយ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មានអ្នករួមដំណើរម្នាក់ឈ្មោះ សាន ផានិត ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនដូចហោះ។ លុះមកដល់ចំណុចកើតហេតុ បានជ្រុលបុករថយន្តធុនធំ១គ្រឿង ម៉ាកហ្វុយសូ ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ តាកែវ 3A-1948 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ (បានរត់គេចខ្លួនបាត់) ដែលកំពុងធ្វើដំណើរពីលិចទៅកើតយ៉ាងពេញទំហឹងលាន់ស្នូរដូចរន្ទះ បណ្តាលឲ្យអ្នកបើកបររថយន្តឡិចសុីសស្លាប់បាត់បងជីវិតភ្លាមៗ ចំណែកអ្នករួមដំណើររងរបួសស្រាល។ រីឯអ្នកបើកបររថយន្តធុនធំ មិនរងរបួសនោះទេ និងបានចុះពីលើរថយន្តរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ នគរបាលមូលដ្ឋានបានចុះទៅពិនិត្យ និងវាស់វែង និងអូសយករថយន្តទាំង២គ្រឿងទៅរក្សាទុក។ ចំណែកសាកសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពីណី៕





