
ភ្នំពេញៈ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌចំការមន និងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងធ្ងន់ បានចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យប្រុសស្រី១១នាក់ (ស្រី៣នាក់) ជាបន្តបន្ទាប់ ដែលជាមុខសញ្ញាឆក់ ប្លន់យ៉ាងសកម្មនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ រួមទាំងកាំភ្លើងខ្លី២ដើមផងដែរ។
ប្រតិបត្តិការនេះ ធ្វើឡើងកាលពីរសៀល ថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចអគាបុរីកីឡា អគារទី៨ ជាន់ទី៤ តាមបណ្តោយផ្លូវលេខ២១១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា មុនដំបូង កម្លាំងបានឃាត់ខ្លួនជនសង្ស័យ៥នាក់ (ស្រី២នាក់) រួមទាំងម៉ូតូ៣គ្រឿង ដោយ១គ្រឿង ម៉ាក CBR និង២គ្រឿងទៀតម៉ាក ហុងដា Zoomer X។
ជនសង្ស័យដែលឃាត់ខ្លួន ទី១.ឈ្មោះ សំ ចាន់ដារ៉ាវុធ ភេទប្រុស អាយុ២១ មុខរបរមិនពិតប្រាកដ ទី២.ឈ្មោះ ភឿង បិះគារ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទី៣.ឈ្មោះ ម៉ា សុដាណេ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទី៤.ឈ្មោះ ម៉ៅ សុីនិត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី៥.ឈ្មោះ ឈិត រចនា ហៅឈីង ភេទស្រី អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ។ សង្ស័យទាំង៥នាក់នេះ ស្នាក់នៅបុរីកីឡា អគារទី៨ ជាន់ទី៤ ផ្ទះលេខ២១ ។
សមត្ថកិច្ចបានឲ្យដឹងទៀថា បន្ទាប់ពីឃាត់ខ្លួនក្រុមជនសង្ស័យទាំង៥នាក់ខាងលើសាកសួររួចមក សមត្ថកិច្ចបានបន្តស្រាវជ្រាវ ឈានទៅឆែកឆេរនៅម្ដុំបុរី១០០ខ្នង បន្តទៀត នៅរសៀលថ្ងៃដដែល ដោយបានឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់បន្ថែមទៀត រួមទាំងកាំភ្លើងខ្លីម៉ាករ៉ូឡូ ១ដើមផងដែរ។
ជនសង្ស័យដែលឃាត់ខ្លួនទី១.ឈ្មោះ ប៉ែន វ៉ាន់ដេត ហៅដេត ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី២.ឈ្មោះ សួង ចន្ធូ ភេទស្រី អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ។ ទាំង២នាក់នេះ ស្នាក់នៅបន្ទប់លេខ៥ ភូមិប៉ប្រកខាងជើង សង្កាត់ការកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពបន្តថា ក្រោយពីឃាត់ខ្លួនជនសង្ស័យបាន២នាក់បន្ថែមទៀតហើយនោះ នគរបាលបានធ្វើការសាកសួរបន្តទៀត រួចឈានទៅឆែកឆេរនៅក្រុងតាខ្មៅ ដោយបន្តឃាត់ខ្លួនជនសង្ស័យ៣នាក់ទៀត រួមទាំងដកហូត ម៉ូតូហុងដា Zoomer X ១គ្រឿង។
ជនសង្ស័យដែលឃាត់ខ្លួន ទី១.ឈ្មោះ សុខ អៀងលី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិព្រៃល្ពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ទី២.ឈ្មោះ ឌិន សុីដារ៉ូ ហៅស្លេក ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិព្រៃល្ពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ និងទី៣.ឈ្មោះ ឈាន ឈីហឈីង ហៅដា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិព្រៃល្ពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ។
នគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋានគរបាលខណ្ឌ៧មករាបានបញ្ជាក់ឲ្យដឹងច្បាស់ថា ក្រោយពីសមត្ថកិច្ចខណ្ឌចំការមន ឃាត់ខ្លួនជនសង្ស័យឈ្មោះ ឡុង សម្បត្តិ ដែលម្ចាស់កាំភ្លើង k59 (មេក្លោង)សាកសួររួចមក សមត្ថកិច្ចក៏បានដឹង និងស្រាវជ្រាវរហូតឃាត់ខ្លួនបក្ខពួកជនសង្ស័យជាបន្តបន្ទាប់ សរុប១១នាក់ ក្នុងនោះស្រី៣នាក់ និងដកហូតកាំភ្លើងខ្លី២ដើម ម៉ាករ៉ូឡូ ១ដើម និងម៉ាក K59 មួយដើម រួមទាំងម៉ូតូចំនួន៤គ្រឿងផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំង១១នាក់ រួមទាំងតាង ត្រូវបានសមត្ថកិច្ចខណ្ឌ៧មករា នាំខ្លួនមករក្សាទុក និងធ្វើការសាកសួរ ក៏ដូចជាឃុំខ្លួនបណ្ដោះអាសន្ន រង់ចាំចាត់ការតាមនីតិវិធី។
គួរំលឹកផងដែរថា កាលវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ ថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅសួនច្បារសម្តេចសង្ឈជួនណាត តាមបណ្តោយផ្លូវ ព្រះសុរាម្រិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មាននារីម្នាក់បានរងរបួសចំកំភួនជើងខាងឆ្វេង ខណៈនាងមកអង្គុយញុំអីនៅមុខសួនច្បារសម្តេចសង្ឈជួនណាត។ មួយសន្ទុះក្រោយមកមានជនសង្ស័យ២នាក់ ជិះម៉ូតូ MSX មួយគ្រឿង មិនចាំស្លាកលេខ ក៏បានទៅញ៉ែនារីរងគ្រោះហើយក៏ទាស់ពាក្យសំដីគ្នា។ រំពេចនោះ ជនសង្ស័យក៏បានដកកាំភ្លើងម៉ាក K59 មកអាម៉េបាញ់ចំជើងឆ្វេង បណ្តាលឲ្យនារីរងគ្រោះ របួសធ្ងន់ត្រូវបញ្ជូនទៅកាន់មន្ទីពេទ្យ ហើយជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ឃើញដូច្នេះ ក៏ទាញម៉ូតូជិះរត់គេចខ្លួនបាត់ស្រមោល។ ខណៈនោះ ជនដៃដល់ក្រឡេកទៅមិនឃើញគ្នា ក៏រត់សំដៅទៅជិតដល់ស្ពាននាគភ្លោះ ឃើញសំឡឹងឃើញបុរសម្នាក់កំពុងអង្គុយលើម៉ូតូ ក៏មានបំណងចង់បាញ់ប្លន់យកម៉ូតូជិះរត់គេចខ្លួន តែកាំភ្លើងអាក់ស្ដង់ បាញ់មិនចេញ ក៏ត្រូវបានប្រជាពលរដ្ឋនាំគ្នាព្រួតវាយយ៉ាងចាស់ដៃ សល់ដង្ហើមចង្រិត រួចប្រគល់ឲ្យសមត្ថកិច្ចខណ្ឌចំការមនតែម្តង។
គួបញ្ជាក់ថា ជនសង្ស័យឈ្មោះ ឡុង សម្បត្តិ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅជាមួយបងប្រុស ផ្ទះលេខ២៨ ផ្លូវលេខ២២៩ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំណែកនារីរងគ្រោះឈ្មោះ គីម សុជាតា អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះជួល ក្រោយវត្តស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕







