
លោក ញឹក ប៊ុនឆៃ អតីតប្រធានគណបក្សខ្មែររួបរួមជាតិត្រូវបានសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ថ្ងៃទី០៣ សីហា ២០១៧ ពាក់ព័ន្ធករណីផ្តល់ទីតាំងផលិតគ្រឿងញៀន ក្នុងអំឡុងឆ្នាំ២០០៧ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់ និងបានឃុំខ្លួនដាក់ពន្ធនាគារ PJ ជាបណ្តោះអាសន្ន អស់រយៈពេលជិត១ឆ្នាំ ។
តាមរយៈផេគហ្វេសប៊ុករបស់លោក ក៍មិនមានសកម្មភាពអ្វីឡើយរយៈពេលកន្លងមកនេះ តែដោយឡែកនាព្រឹកថ្ងៃនេះ ០១ ខែ ឧសភា ឆ្នាំ២០១៨ នេះ ក្រោយមានការដោះលែងរូបលោក ឲ្យមានសេរីភាពវិញនោះ ផេគក៍មានសកម្មភាពឡើងវិញដោយលើកឡើងថា ៖
លោកញឹកប៊ុនឆៃត្រូវបានតុលាបញ្ជាអោយដោះលែង ហើយពេលនេះកូនចៅគាត់ កំពុងតែសួរសុខទុក្ខគាត់ នៅក្នុងគេហដ្ឋានរបស់គាត់ផងដែរ។


ជាមួយនឹងការដោះលែងនេះដែរ បើតាម លោក សិង្ហ គីរី ប្រធានគណបក្សខ្មែររួមរួបជាតិបច្ចុប្បន្ន បានលើកឡើងថា លោក ញឹក ប៊ុនឆៃ នឹងត្រូវបានគាំទ្រ ឱ្យធ្វើជាប្រធាន គណបក្សខ្មែររួបរួមជាតិ ឡើងវិញ នៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
លោក សិង្ហ គីរី ក៍បានបញ្ជាក់ទៀតថា គណបក្សខ្មែររួមរួបជាតិ នឹងរៀបចំសមាជមួយនៅពេលឆាប់ៗខាងមុខ ដើម្បីប្រគល់តំណែងប្រធានបក្សជូន លោក ញឹក ប៊ុនឆៃ វិញ ហើយនឹងចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦នេះផងដែរ។
