ភ្នំពេញៈ បុរសម្នាក់ ដែលជាជាងកាត់សក់ចេញពីទិញគ្រឿងញៀន ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ ល្បាតក្នុងមូលដ្ឋានឃាត់ខ្លួន បន្ទាប់សង្ស័យ ហើយឃាត់ឆែកឃើញគ្រឿងញៀនលាក់ទុកជាប់ខ្លួន ទើបសមត្ថកិច្ចវាយខ្នោះយកទៅប៉ុស្តិ៍ដើម្បីសួរតែម្ដង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨នេះ ត្រង់ចំណុចសំណង់មិនរៀបរយ (វាលខ្សាច់តាក់ហ្វាត) តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ បានធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន ហើយពេលមកដល់ចំណុចសំណង់មិនរៀបរយ (វាលខ្សាច់តាក់ហ្វាត) តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន បន្ទាប់ពីប្រទះឃើញសង្ស័យ ហើយសមត្ថកិច្ចក៏ឃាត់ឆែកឃើញមានគ្រឿងញៀននៅជាប់ខ្លួន ទើបសមត្ថកិច្ចវាយខ្នោះយកទៅប៉ុស្តិ៍ដើម្បីសាកសួរតែម្ដង។
ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួននោះ មានឈ្មោះ គឹម សុភាព ហៅ ស ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងកាត់សក់ មានទីលំនៅផ្ទះលេខ៧ ផ្លូវលំ ភូមិសន្សំកុសល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ វត្ថុតាងដកហូតបាន រួមមានក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន១កញ្ចប់តូច។
បច្ចុប្បន្នជនសង្ស័យឈ្មោះ គឹម សុភាព ត្រូវបញ្ជូនឃាត់ខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕