
ភ្នំពេញៈ យុវជនម្នាក់ បានលួងលោមនាំយុវតីម្នាក់ អាយុ១៤ឆ្នាំ យកទៅដើរលេងបាត់ពីផ្ទះអស់ជាច្រើនថ្ងៃ ធ្វើឲ្យឪពុកម្ដាយព្រួយបារម្ភខំតាមស៊ើបរកគ្រប់ច្រកល្ហក ទើបដឹងថា នាងនៅផ្ទះសំណាក់មួយកន្លែង ហើយក៏ទៅរកឃើញនៅក្នុងបន្ទប់ជាមួយគ្នាមែន។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ នៅក្នុងផ្ទះសំណាក់មួយកន្លែង ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ម្តាយរបស់យុវតីខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុ កូនស្រីរបស់គាត់(យុវតី) បានលេងឆាតជាមួយយុវជនម្នាក់ ឈ្មោះ ភក្តី ដែលមានឈ្មោះហ្វេសប៊ុក Rä Fî ហើយគាត់ក៏បានលួចស្តាប់ឆាតកូនស្រី ដឹងថា គេឲ្យកូនស្រីរបស់គាត់ចេញមកក្រៅ ហើយខាងយុវជនម្នាក់នោះមកយក។ ស្រាប់តែភ្លេចខ្លួនមួយសន្ទុះ ក៏កូនស្រីរបស់គាត់បានចេញបាត់ពីផ្ទះមែន គាត់ក៏ឆោឡោតាមរកកូនស្រីគាត់ជាច្រើនថ្ងៃ ស្រាប់តែមកដល់ថ្ងៃកើតហេតុខាងលើ ក៏មានតម្រុយស៊ើបដឹងថា កូនគាត់កំពុងតែនៅក្នុងផ្ទះសំណាក់មួយកន្លែង។

បន្ទាប់មក គាត់ចូលទៅសួរម្ចាស់ផ្ទះសំណាក់នោះ និងបង្ហាញរូបកូនស្រីគាត់ ទើបម្ចាស់ផ្ទះសំណាក់នោះ បាននាំឡើងទៅមើលក្នុងបន្ទប់ដែលយុវជន និងយុវតីម្នាក់នោះនៅ ស្រាប់តែបើកទ្វារមកក៏ឃើញកូនស្រីរបស់ខ្លួន និងយុវជនម្នាក់នោះ នៅក្នុងបន្ទប់តែមួយជាមួយគ្នាមែន ហើយម្តាយយុវតីបានទៅហៅសមត្ថកិច្ចឲ្យមកឃាត់ខ្លួនយុវជនម្នាក់ យកទៅសាកសួរ ហើយម្តាយរបស់យុវតីនោះ បានដាក់ពាក្យបណ្តឹង ព្រោះកូនស្រីរបស់គាត់ ទើបតែអាយុ១៤ឆ្នាំ។

គួរបញ្ជាក់ផងដែរថា ក្រោយពីការធ្វើតេស្តទឹកនោម សមត្ថកិច្ចរកឃើញថា យុវជនឈ្មោះ ភក្តី ហៅ Rä Fî ជាអ្នកប្រើប្រាស់គ្រឿងញៀន ហើយពេលអ្នកសារព័ត៌មានមិនថាចាស់ក្មេងទៅផ្ដិតរូបយកព័ត៌មាន ស្រាប់តែគេហាក់បីដូចជាបែកថ្នាំបានជេរប្រមាថអ្នកសារព័ត៌មានមិនឲ្យថត ហើយថែមទាំងច្រឡោតបបួលអ្នកសារព័ត៌មានវាយមួយស្មើទៀត។
ក្រោយពីធ្វើការសាកសួរនាំហើយ ម្តាយយុវតីនោះ បានដាក់ពាក្យបណ្តឹងតាមច្បាប់ ដើម្បីឲ្យសមត្ថកិច្ចធ្វើការទៅតាមផ្លូវច្បាប់។ បន្ទាប់មកសមត្ថកិច្ចក៏បញ្ជូនយុវជនម្នាក់នោះ ទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕


