
ភ្នំពេញៈ ណែនាំច្រើនលើកមិនស្ដាប់ និងរឹតតែផ្គើន នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកអភិបាលរង សេង គន្ធ បានគ្រឿងចក្រទៅឈូសកម្ទេចរបងថ្មរបស់លោកឧកញ៉ា សុខ ហេង អាងអំណាច បានសាងសង់រំលោភយកចំណីផ្លូវសាធារណៈ តាមផ្លូវលេខ១០៧ ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោក សេង គន្ធ បានឲ្យដឹងថា របងថ្មដែលត្រូវឈូសកម្ទេចចោលនាពេលនេះ មានទទឹងប្រវែង៦ម៉ែត្រ និងបណ្ដោយជាង៦៥ម៉ែត្រកម្ពស់ជាង២ម៉ែត្រ ដែលឧកញ៉ា សុខ ហេង ផ្គើនការណែនាំរបស់អាជ្ញាធរ បានរឹងទទឹងសាងសង់រំលោភយកចំណីផ្លូវសាធារណៈធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនទាំងគ្មានការទទួលស្គាល់ និងឯកភាពពីសំណាក់អាជ្ញាធរ ខណ្ឌ សង្កាត់ និងភូមិឡើយ។
លោក សេង គន្ធ បានបន្តទៀតថា កំណាត់ផ្លូវខាងលើនេះតភ្ជាប់ពីមហាវិថីសហព័ន្ធរុស្ស៊ី ភូមិក្បាលដំរី២ ឆ្ពោះកាន់ភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ មានប្រវែងជាង២គីឡូម៉ែត្រ ។ ហើយក៏ជាគម្រោងផ្លូវចាក់ក្រាលបេតុង ដែលឧបត្ថម្ភដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ប៉ុន្តែឧកញ៉ា សុខ ហេង អាងអំណាច បានសាងសង់រំលោភយកទាំងកម្រោល ហើយកន្លងមកអាជ្ញាធរ បានចុះហាមឃាត់តាំងពីពេលចាប់ផ្ដើមសាងសង់ដំបូងម្ល៉េះ ប៉ុន្តែមិនព្រមស្ដាប់រហូតសាលាខណ្ឌពោធិ៍សែនជ័យ ជូនដំណឹងឲ្យរុះរើក៏មិនព្រមទៀត តែព្រមស្លាប់ទេ ទើបពេលនេះគណៈបញ្ជាការឯកភាពខណ្ឌបានប្រើវិធានការក្តៅយកគ្រឿងចក្រទៅឈូសកម្ទេចចោលតែម្ដង។
ក្រៅពីនេះ ក៏នៅមានរោងដាក់កង់ម៉ូតូ១ខ្នងមានទទឹង៦ម៉ែត្រ និងបណ្ដោយជាង១០០ម៉ែត្រ ដែលរោងចក្រកាត់ដេរមួយបានសង់រំលោភយកដែរ ហើយពេលនេះអាជ្ញាធរទុកពេលឲ្យ១៥ថ្ងៃ ដើម្បីរុះរើ បើមិនដូច្នេះទេ និងត្រូវវាយកម្ទេចចោលដែរហើយ៕