header ads

Sponsor

រិទ្ធី

នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នាយកដ្ឋានរង្វាន់និងលើកទឹកចិត្ត នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថានបានរៀបចំព្រឹត្តិការណ៍ជិះកង់ ផ្សព្វផ្សាយចំណេះដឹង «រួមគ្នាដើម្បីមេត្រីភាព      បរិស្ថាន» នៅជុំវិញក្រុងខេមរភូមិន្ទ ខេត្តកោះកុង  ដើម្បីរួមចំណែកគាំពារបរិស្ថាន ការពារ និងអភិរក្សធនធានធម្មជាតិ និងជីវចម្រុះ។

ក្នុងព្រឹត្តិការណ៍នេះដែរ លោកជំទាវ ងិន លីណា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថានបានឱ្យដឹងថា ការរៀបចំព្រឹត្តិការណ៍នេះឡើងក្នុងគោលបំណង ទី១- ដើម្បីអបអរសាទរទិវាបរិស្ថាន ជាតិ និងទិវាបរិស្ថានពិភពលោក ៥ មិថុនា ទី២- ដើម្បីផ្សព្វផ្សាយជំរុញការចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថាន ដល់    វិស័យឯកជនក្នុងការបញ្រ្ជាបការងារបរិស្ថានក្នុងផ្នែកធុរៈពាក់ព័ន្ឋ ស្របតាមអនុក្រឹត្យ លេខ៦០អន.ក្របក ស្តីពីការលើកទឹកចិត្តក្នុងការប្រតិបត្តិមេត្រីភាពបរិស្ថានរបស់រាជរដ្ឋាភិបាលកម្ពុជា

និងទី៣- ផ្សព្វផ្សាយកិច្ចគាំពារបរិស្ថាន តាមរយៈសកម្មភាពជិះកង់ ចែកខិតបណ្ណ បិទផូសស្ទ័រ ដើម្បីផ្លាស់ប្តូរទំលាប់ប្រជាពលរដ្ឋ ចូលរួមស្រលាញ់បរិស្ថាន ការពារ និងអភិរក្សធនធានធម្មជាតិ។

យោងតាមការចុះផ្សាយរបស់គេហទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងថា៖ នៅក្នុងយុទ្ឋនាការរួមគ្នាដើម្បីមេត្រីភាពបរិស្ថាន មន្រ្តីនៃក្រសួងបរិស្ថាន បានផ្តល់សារអប់រំនានា នៅតាមដងផ្លូវ និងតាមផ្សារដល់ប្រជាពលរដ្ឋ នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានដូចជា៖

- ចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកទាំងអស់គ្នា ចូលរួមប្រើប្រាស់បច្ចេកវិទ្យាទ្រទ្រង់បរិស្ថាន និងការប្រើប្រាស់ផលិតផលមេត្រីភាពបរិស្ថាន ចូលរួមសកម្មភាពមេត្រីភាពបរិស្ថាន និងថែរក្សាអត្តសញ្ញាណធម្មជាតិ លើកកម្ពស់ការស្រលាញ់បរិស្ថាន និងការចូលរួមការពារបរិស្ថានទាំងអស់គ្នា ចូលរួមគាំពារបរិស្ថាន អភិរក្សធនធានធម្មជាតិ និងការពារប្រព័ន្ឋអេកូឡូស៊ីរួម ចូលរួមថែរក្សាធនធានសមុទ្រ ដើម្បីការអភិវឌ្ឍសង្គម ជាមួយគ្នាដែរ នៅល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ក្រសួងបរិស្ថាន ក៏បានរៀបចំនូវការប្រគុំតន្រ្តីមេត្រីភាពបរិស្ថាន នៅចំណុចមុខសាលាខេត្តកោះកុង ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន អាជ្ញាធរខេត្ត មន្រ្តីពាក់ព័ន្ឋ និងប្រជាពលរដ្ឋជាច្រើននាក់ទៀត។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post