Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ឲ្យតែដល់រដូវការបោះឆ្នោតជិតចូលមក គឺប្រធានគណបក្សនយោបាយនានា តែងតែ ចុះជួបសំណេះសំណាល ជាមួយអ្នកគាំទ្រ និងសកម្មជនរបស់បក្សខ្លួន ដើម្បីស្វែងរកការគាំទ្រ និងសំឡេងឆ្នោត ដូច្នេះទើបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា អាជ្ញាធរមូលដ្ឋាន ត្រូវជួយសម្របសម្រួល បើកឲ្យគ្រប់មេបក្សនយោបាយ ជួបសកម្មជន និងអ្នកគាំទ្ររបស់ពួកគេ ព្រោះសម្តេចថា មិនអាចបើកឲ្យមានការប្រកួតប្រជែង ការបោះឆ្នោតដោយសេរីបាននោះទេ ប្រសិនបើរារាំងដំណើរការរបស់មេដឹកនាំបណ្ដាគណបក្សនយោបាយនានា ទៅតាមមូលដ្ឋាន ដើម្បីជួបសំណេះសំណាល ជាមួយសមាជិក-សមាជិកា ។

ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ កំណាត់ផ្លូវជាតិ៥ ពីព្រែកក្តាម ដល់ខេត្តពោធិ៍សាត់ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី២៩ កក្កដា ខាងមុខ កម្ពុជារៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រអាណត្តិទី៦ ដោយមានបក្សនយោបាយចំនួន២០ចូលរួម ខណៈសព្វថ្ងៃមានបក្សនយោបាយ ចំនួន១៥ហើយ បានទទួលស្គាល់ជាផ្លូវការ ក្រោយបានចុះបញ្ជីនៅគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ដោយនៅសល់តែ៥គណបក្សទៀតប៉ុណ្ណោះ ។

ដើម្បីបង្កលក្ខណៈងាយស្រួលដល់បណ្តាគណបក្សនយោបាយ សម្ដេចតេជោ បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវជួយសម្របសម្រួល ក្នុងការចុះឈ្មោះជាបេក្ខភាពបោះឆ្នោត ។ សម្ដេចតេជោ មានប្រសាសន៍ថា “យើងមិនអាចនឹងបើកឲ្យមានការប្រកួតប្រជែងដោយសេរីទេ ប្រសិនបើយើងរារាំងដំណើរឆ្ពោះរបស់មេដឹកនាំបណ្ដាគណបក្ស ទៅកាន់មូលដ្ឋាននានា ដើម្បីជួបជុំសមាជិក សមាជិការបស់គេ ឬក៏អ្នកគាំទ្ររបស់គេ ឬគេត្រូវការនិយាយធ្វើនេះ ធ្វើនោះ នេះក៏ជាដំណើរការមួយដែរ (ដំណើរការបោះឆ្នោត)” ។

សម្ដេចបន្ថែមថា ការបោះឆ្នោត បានខិតជិតចូលមកដល់ ឥឡូវនេះបណ្ដាបក្សនយោបាយ បានបន្ដដំណើរជួបជុំ សមាជិក សមាជិកា របស់គេនៅតាមមូលដ្ឋាន ដូច្នេះអាជ្ញាធរត្រូវបង្កលក្ខណៈងាយស្រួលឲ្យពួកគេផងដែរ ទោះមិនទាន់ដល់ពេលវេលាបើកយុទ្ធនាការបោះឆ្នោតក៏ដោយ ប៉ុន្ដែបក្សនយោបាយមានសិទ្ធិដើម្បីទៅជួបជុំ សមាជិក សមាជិកា ដូច្នេះអាជ្ញាធរមិនត្រូវរារាំង និងបង្កើតនៅឧបសគ្គណាមួយ សម្រាប់បណ្ដាបក្សនយោបាយ ក្នុងការទៅជួបសមាជិក សមាជិកានោះទេ ។

នាយករដ្ឋមន្ដ្រី ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាក់ថ្នាក់ ត្រូវបើកចំហរគ្រប់សកម្មភាពបក្សនយោបាយ ក្នុងការជួបជុំសមាជិក សមាជិកា នៅតាមមូលដ្ឋាន។ ដំណើរការបក្សនយោបាយមួយមិនមែនត្រូវការត្រឹមតែ២១ថ្ងៃ នៃការឃោសនាបោះឆ្នោតនោះទេ តែត្រូវការជួបជុំសកម្មជន របស់ពួកគេជាមុនផងដែរ ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានអះអាងថា គណបក្សប្រជាជនកម្ពុជា ត្រូវការឈ្នះឆ្នោត អាណត្តិទី៦នេះ។ គណបក្សប្រជាជនកម្ពុជា កាន់កាប់ដោយរាជរដ្ឋាភិបាលកម្ពុជា ដូច្នេះ អាជ្ញាធរ ត្រូវបង្កលក្ខណៈងាយស្រួល តាមតួនាទីរបស់ថ្នាក់រដ្ឋបាល, ថ្នាក់ខេត្ត, ថ្នាក់ស្រុក, ថ្នាក់ឃុំ និងថ្នាក់ភូមិ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor