Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រហូតមកទល់ពេលនេះ លោក ហ៊ុន ជា ក្មួយបង្កើតនាយករដ្ឋមន្ត្រី ត្រូវប៉ូលិសបញ្ជូនចេញពីតុលាការហើយ បន្ទាប់ពីតំណាងអយ្យការសាកសួរអស់រយៈពេលជិត៥ម៉ោង។

មន្រ្តីតុលាការក្រុងភ្នំពេញ បានប្រាប់ថា ឧត្តមសេនីយ៍ឯក ហ៊ុន ជា ត្រូវបញ្ជូនចេញពីតុលាការក្រុងភ្នំពេញ នៅម៉ោង៥ និង៥៥នាទីល្ងាច ថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨នេះ ។

លោក ហ៊ុន ជា ត្រូវប៉ូលិសព្រហ្មទណ្ឌក្រសួងមហាផ្ទៃបញ្ជូនមកតុលាការកាលពីម៉ោង១ និង១០នាទីរសៀលថ្ងៃពុធ តាមរថយន្តឡង់គ្រីស័រ ពណ៌សរ ពាក់ស្លាកលេខ ភ្នំពេញ  2BC-9882 ហើយលោកក៏ត្រូវបញ្ជូនចេញពីតុលាការឆ្ពោះទៅឃុំខ្លួននៅពន្ធនាគារព្រៃសរ តាមរថយន្តដដែលផងដែរ ។

មន្រ្តីតុលាការបានបញ្ជាក់ថា ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ ជាអ្នកកាន់សំណុំរឿង លោក ហ៊ុន ជា គឺលោក ហ៊ឹង ប៊ុនថន។

លោក ហ៊ុន ជា រយៈពេលកន្លះថ្ងៃនេះ ត្រូវព្រះរាជអាជា្ញរង អមសាលាដំបូងរាជធានីភ្នំពេញ លោក ហុឹង ប៊ុនថន និងចៅក្រមស៊ើបសួរ លោក រស់ ពិសិដ្ឋ ជម្រះដោយផ្ទាល់ ដោយសម្រេចដាក់ពន្ធនាគារព្រៃសរ រយៈពេល១៨ខែ ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អុី រិន នៅយប់ថ្ងៃពុធនេះ បានប្រាប់អង្គភាពសារព័ត៌មាន Cam Post ថា លោក ហ៊ុន ជា ត្រូវចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ 

សម្រេចឃុំខ្លួនដាក់ពន្ធនាគារព្រៃសរ១៨ខែ បន្ទាប់ពីព្រះរាជអាជា្ញរង ហុឹង ប៊ុនថន ចោទ២បទល្មើស ទី១ ចោទពីបទ “ គំរាមកំហែងថានឹងសម្លាប់ “ និងទី២ ចោទពីបទ “ ធ្វើឱ្យខូចខាតដោយចេតនា “ តាមមាត្រា២៣៣និងមាត្រា៤១០ នៃក្រមព្រហ្មទណ្ឌ ។

សូមជម្រាបថា ការសម្រេចបញ្ជូនឧត្តមសេនីយ៍ឯក ហ៊ុន ជា ទៅតុលាការនៅរសៀលថ្ងៃពុធនេះ បានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចក្រសួងមហាផ្ទៃ បានឃាត់ខ្លួនទៅសាកសួរ នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នាព្រឹកថ្ងៃពុធ ទី២ ខែឧសភា នេះ តាមបញ្ជាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលជាឪពុកមា ជុំវិញរឿងបង្កការ បាញ់បោះប្រមាណជាង១០គ្រាប់ កាលពីយប់ថ្ងៃអង្គារ ម្សិលមិញ បង្កការភ្ញាក់ផ្អើលពេញទឹកដីខណ្ឌដូនពេញ ប៉ុន្តែក៏ស្ងប់ស្ងាត់ទៅវិញ សូម្បីអាជ្ញាធរមានសមត្ថកិច្ច បានត្រឹមឈរមើលពីចម្ងាយ។

បើតាមប្រភពព័ត៌មាន ករណីផ្ទុះអាវុធជាច្រើនគ្រាប់ជាប់ៗគ្នាបានកើតឡើង នៅក្នុងទឹកដីខណ្ឌដូនពេញ កាលពីយប់មិញនេះ ផ្ដើមចេញពីជម្លោះក្នុងគ្រួសារ ដែលធ្វើឲ្យលោក ហ៊ុន ជា ទប់កំហឹងមិនបាន ទើបបើកការបាញ់ឡើងលើជាច្រើនគ្រាប់តែម្ដង។ ប៉ុន្តែករណីនេះ មិនបង្កឲ្យនរណាម្នាក់ រងគ្រោះថ្នាក់នោះទេ។

ករណីនេះ កើតឡើងនៅចំណុចផ្ទះលេខ១១ បើកអាជីវកម្ម វេរលុយយីហោ True Money នៅតាមបណ្ដោយផ្លូវលេខ១០៨ កែងផ្លូវលេខ៥១ ស្ថិតក្នុងភូមិ១១ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោងប្រមាណ១០ និង២០នាទីយប់ ថ្ងៃអង្គារ ២រោច ខែឧសភា។ ប៉ុន្តែករណីនេះ ក៏បានស្ងប់ស្ងាត់ទៅវិញភ្លាមៗផងដែរ។

ក្រោយពីឮសំឡេងគ្រាប់កាំភ្លើងផ្ទួនៗ គេសង្កេតឃើញវត្តមានលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងកងកម្លាំងសមត្ថកិច្ចមូលដ្ឋាន មានទាំងកម្លាំងនគរបាលខណ្ឌដូនពេញ និងទាំងកម្លាំងអាវុធហត្ថខណ្ឌដូនពេញ បានចុះទៅក្បែរកន្លែងកើតហេតុភ្លាមៗដែរ ប៉ុន្តែដូចជាមិនហ៊ានចូលទៅសាកសួរ និងរំខានផ្ទះកើតហេតុនោះទេ បានត្រឹមតែដឹង និងឈរមើលពីចម្ងាយប៉ុណ្ណោះ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor