
ភ្នំពេញៈ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចរថយន្តកុងតឺន័រមួយគ្រឿងបានសម្រេច តែបើករត់មិនរួច ត្រូវម្ចាស់គេតាមទាន់។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខបុរីពិភពថ្មីកំបូល តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់កន្ទោក តែឃាត់បាននៅសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ សុខ វណ្ណា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំក្រោយផ្សារសេនជូរី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកឯជនរងគ្រោះឈ្មោះ កាំង ហ័រ អាយុ៣៣ឆ្នាំ ជាអ្នកបើកបររថយន្ត មានស្រុកកំណើតនៅស្រុកកំពង់ត្រាច ខេត្តកំពត ជាអ្នកបើករថយន្តកុងទីន័រម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-5589 ដែលត្រូវជនសង្ស័យខាងលើ រួមទាំងបក្ខពួកធ្វើសកម្មភាពលួច។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា កាលពីវេលាម៉ោងប្រហែល២រសៀលថ្ងៃដដែល គាត់បានបើករថយន្តកុងតឺន័រខាងលើ ចេញមកពីដឹកទំនិញនៅកំពុងផែនៅខេត្តព្រះសីហនុ ហើយបំណងបើកយកទៅដាក់នៅរោងចក្រម្តុំចំការដូង។ លុះមកដល់វេលាម៉ោង៧យប់ថ្ងៃដដែល គាត់បានបើករថយន្តកុងទីន័រខាងលើមកដល់ត្រង់ចំណុចកើតហេតុ ហើយគាត់ក៏បានឈប់រថយន្តអែបទៅនិងចិញ្ចើមផ្លូវជាប់និងរថយន្តកុងទីន័រមួយគ្រឿងទៀត ដែលជារបស់ប្អូនប្រុសរបស់ខ្លួន បន្ទាប់មកជនរងគ្រោះក៏បានចាក់ឡុកសោទ្វាររថយន្ត ហើយក៏ចូលទៅផឹកស៊ីជាមួយនិងប្អូនប្រុសនៅក្នុងផ្ទះរបស់ប្អូន ដែលនៅក្បែរនោះ។ លុះពេលផឹកអស់២ទៅ៣កំប៉ុង ជនរងគ្រោះក៏តេហៅមិត្តភក្តិម្នាក់ទៀតឲ្យមកផឹកស៊ីជាមួយគ្នានៅនិងផ្ទះប្អូនប្រុស ខាងលើ។ លុះដល់វេលាកើតហេតុមិត្តភក្តិម្នាក់នោះ ក៏បានតេមកសួរជនរងគ្រោះថា «នៅកន្លែងណាម៉េចបានមិនឃើញរថយន្ត» ពេលនោះជនរងគ្រោះក៏បានប្រាប់ទៅមិត្តភក្តិវិញថា «ម៉េចបានមិនឃើញបើរថយន្តឈប់នៅហ្នឹងៗ» ហើយមិត្តភក្តិរូបនោះក៏ប្រាប់ទៀតថា «អ៊ីចឹងរថយន្តនឹងចោរលួចបាត់ហើយ ព្រោះមិនឃើញនៅកន្លែងនោះទេ»។

ជនរងគ្រោះ បន្តថា បន្ទាប់មកគាត់មិនបានជឿមិត្តភក្តិរបស់ខ្លួន ដែលតេមកប្រាប់នោះទេ តែដោយសារតែឲ្យអស់ចិត្តគាត់ និងប្អូនប្រុសបានជិះម៉ូតូមួយគ្រឿងចេញទៅមើល ស្រាប់តែមិនឃើញរថយន្ត ក៏ឆោឡោនាំគ្នាជិះតាមរករថយន្ត។ ហើយគាត់ និងប្អូនប្រុស ក៏ជិះម៉ូតូតាមរករថយន្ត ហើយខណៈពេលដែលជិះមកជិតដល់អាកាសយន្តដ្ឋានភ្នំពេញអន្តរជាតិពោធិ៍តុង ក៏ប្រទះឃើញរថយន្តរបស់ជនរងគ្រោះ ដែលត្រូវជនសង្ស័យខាងលើរួមទាំងបក្ខពួកកំពុងបើករត់គេច ពេលនោះគាត់ក៏បានជិះដេញតាមពីក្រោយ និងស្រែកចោរៗតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី រហូតមកដល់កែងនិងផ្លូវ២០០៤ ដែលស្ថិតក្នុងកាកាបទី១ ជនសង្ស័យខាងលើរួមទាំងបក្ខពួកបានបន្ថយល្បឿន ហើយបានបើកទ្វាររថយន្តលោតចុះរត់គេចខ្លួន ហើយក៏ត្រូវបានប្អូនប្រុសកាត់ជិះម៉ូតូដេញតាមចាប់បានជនសង្ស័យខាងលើភ្លាមៗតែម្តង។ ចំណែកឯបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព។
ក្រោយពេលកើតហេតុជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ ធ្វើការឃាត់ខ្លួនប្រគល់ទៅឲ្យយសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោកនាំយកទៅសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីរងចាំចាត់ការទៅតាមនិតិវិធីច្បាប់៕


