
ព្រះវិហារៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការការពារ អភិរក្សព្រៃឈើ និងសត្វព្រៃនៅតែលើក្រដាសមិនទាន់គ្រប់គ្រាន់នោះទេ តែត្រូវចុះធ្វើសកម្មភាពជាក់ស្តែង។
ថ្លែងបែបនេះ ខណៈដែលសម្ដេចតេជោ បានអញ្ជើញជាអធិបតីភាពក្នុងពិធីដាំដើមឈើនៅក្នុង (ឧទ្យានរាជបណ្ឌិតសភាកម្ពុជាតេជោសែន ឫស្សីត្រឹប) នៅព្រឹកថ្ងៃសុក្រ ០៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា នៅតំបន់ឧទ្យានរាជបណ្ឌិត្យសភាតេជោសែនឫស្សីត្រឹបនេះ គឺជាតំបន់ប្រវត្តិសាស្ត្រមួយមានតឹកតាំងបង្ហាញជាកន្លែងស្លដែក ដែលបង្ហាញថាកម្ពុជាមានឧស្សាហកម្ម ស្លដែកតាំងពីយូរលង់ណាស់មកហើយ។ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យរួមគ្នាការពារនូវកូនឈើ ដែលដាំនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាហើយ សម្តេចសង្ឃឹមថា តំបន់នេះមិនត្រឹមតែក្លាយជាតំបន់អភិរក្សព្រៃឈើនោះទេ វានិងក្លាយជាជម្រកសត្វព្រៃដែលមានសត្វខ្លះជិតនឹងផុតពូជផងដែរ។

សម្តេចនាយករដ្ឋមន្ត្រី រំពឹងថា នៅរយៈពេលប្រមាណ៥ឆ្នាំក្រោយតំបន់ឧទ្យានរាជបណ្ឌិត្យសភានេះ អាចនឹងក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ ព្រោះអ្នកទេសចរចង់ដើរមើលព្រៃ និងសត្វ។សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា ឈើមានសត្រូវច្រើនណាស់ ដាំមួយលាន អាចមានការកាប់ឈើរហូតដល់ទៅ២លាន។ ការកាប់នេះមានទាំងតម្រូវការក្នុងការធ្វើផ្ទះសម្បែង ការកាប់លក់ តម្រូវការអភិវឌ្ឍន៍ទាំងក្នុងវិស័យកសិកម្ម និងការផ្តល់ដីសម្បទានសេដ្ឋកិច្ចសុទ្ធតែត្រូវការកាប់ឈើ ដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវពិនិត្យឲ្យបានច្បាស់លាស់ចំពោះការផ្តល់ដីសម្បទានសេដ្ឋកិច្ច។
សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យក្រសួងកសិកម្ម និងមន្រ្តីសុរិយោដីតាមបណ្តាខេត្ត ត្រូវសិក្សាថា តើដីណាខ្លះត្រូវទុកជាតំបន់គម្របព្រៃឈើដែលត្រូវទុកការពារ ហើយដីតំបន់ណាខ្លះ ដែលអាចក្លាយទៅជា សម្បទានសេដ្ឋកិច្ចសម្រាប់ប្រជាពលរដ្ឋបង្កបង្កើនផលផងដែរ។

ឧទ្យានរាជបណ្ឌិតសភាកម្ពុជាតេជោសែនឫស្សីត្រឹប មានផ្ទៃដីសរុប ១១៤.៣៥ គីឡូម៉ែត្រការ៉េ ស្ថិតនៅឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ និងបានបង្កើតឡើងដោយព្រះរាជក្រិត្យកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤។ រាជបណ្ឌិត្យសភាកម្ពុជា ដែលមានលោកបណ្ឌិត សុខ ទូច ជាប្រធាន បានដាក់ចេញផែនការដាំដើម ឈើនៅទី នោះឲ្យបាន ១លានដើម និងបង្កើតជាកន្លែងស្រាវជ្រាវក្នុងការចិញ្ចឹមគោយក ទឹកដោះសម្រាប់ផ្គត់ផ្គង់ នៅកម្ពុជា ថែមទៀតផង។ក្រៅពីការដាំដើមឈើ និងចិញ្ចឹមគោយកទឹកដោះហើយនោះ រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំឲ្យមានការចិញ្ចឹមសត្វព្រៃនៅទីនេះថែមទៀត ដើម្បីជាការទាក់ទាញភ្ញៀវទេសចរទៅថ្ងៃអនាគត។

សម្តេចតេជោ ហ៊ុន សែន រួមនិងសម្បុរសជនជាច្រើនអ្នកទៀត នៅក្នុងពិធីនាព្រឹកមិញនេះ បានសម្រេច ឧបត្ថម្ភថវិកាជាង ១៥ម៉ឺនដុល្លារអាមេរិក និងអំពាវនាវឲ្យមានការចូលរួមបន្តបន្ទាប់ទៀត ដើម្បីប្រែក្លាយឧទ្យាន រាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹបនេះ ទៅតំបន់អភិរក្សព្រៃឈើ និងសត្វព្រៃ សម្រាប់ជាមរតក ដល់កូនខ្មែរជំនាន់ក្រោយ៕




