
លោក ញឹក ប៊ុនឆៃ អតីតឧបនាយករដ្ឋមន្ត្រី និងជាអតីតប្រធានគណបក្សខ្មែររួបរួមជាតិត្រូវបានដោះលែងឲ្យនៅក្រៅឃុំនៅកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ គ្រោងនឹងមកកាន់តួនាទីជាប្រធានបក្សខ្មែររួបរួមជាតិសារជាថ្មី នេះបើតាមការបញ្ជាក់របស់លោក សឹង គីរី ប្រធានគណបក្ស។
លោក សឹង គីរី ប្រធានគណបក្សខ្មែររួបរួមជាតិ មានប្រសាសន៍ថា សមាជិកបក្សទាំងអស់បានត្រៀមប្រគល់តំណែងប្រធានបក្សជូន លោក ញឹក ប៊ុនឆៃ នៅពេលសុខភាពរបស់លោកល្អឡើងវិញ ប៉ុន្តែមិនទាន់កំណត់ពេលវេលានៅឡើយទេ ដោយថាចាំមើលសុខភាព លោក ញឹក ប៊ុនឆៃ។ ចំណែកឯ លោក ញឹក ប៊ុនឆៃ បានយល់ព្រមថានឹងទទួលយកតំណែងនេះវិញហើយ។
សមាជិកទាំងអស់យល់ថា លោក ញឹក ប៊ុនឆៃ ជាប្រធានស្ថាបនិកគណបក្សខ្មែររួបរួមជាតិ ពេលដែលគាត់រួចពីការចោទប្រកាន់របស់តុលការ សមាជិកទាំងអស់ក៏មានគំនិតរួមគ្នាថានឹងប្រគល់តួនាទីប្រធាននេះជូនទៅគាត់វិញ។
សូមរំលឹកថា លោក ញឹក ប៊ុនឆៃ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ ជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនកាលពី១០ឆ្នាំមុន ប៉ុន្តែ លោក ញឹក ប៊ុនឆៃ បានបដិសេធ ភ្លាមៗ។

