Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខិតចូលមកដល់នៅប៉ុន្មានខែខាងមុខនេះ បញ្ហាអសន្តិសុខសង្គមហាក់កក្រើកបន្តិច។ កក្រើកក៏ព្រោះតែមានការបាញ់បោះយ៉ាងសេរីនៅក្នុងក្រុងភ្នំពេញ មិនថា កណ្ដាល ឬជាយក្រុងឡើយ ហើយជាក់ស្ដែង យប់ថ្ងៃអង្គារម្សិលមិញតែម្ដង ដែលចៅហ្វាយខណ្ឌ និងកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ បានត្រឹមឈរមើលពីចម្ងាយប៉ុណ្ណោះ។

ទាំងចៅហ្វាយខណ្ឌ និងកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ មានប៉េអឹម និងប៉ូលិស ត្រូវបានគេរាយការណ៍មកថា បានត្រឹមឈរមើលពីចម្ងាយ មិនហ៊ានចូលទៅកន្លែងកើតហេតុ បន្ទាប់ពីមានករណីផ្ទុះអាវុធប្រមាណជាង១០គ្រាប់ ហើយក៏ស្ងប់ស្ងាត់ទៅវិញ រហូតមកទល់ពេលនេះ។

បើតាមសេក្ដីរាយការណ៍ បានឲ្យអង្គភាពសារព័ត៌មាន Cam Post ដឹងថា មានករណីផ្ទុះអាវុធជាច្រើនគ្រាប់ជាប់ៗគ្នាតែម្ដង ចេញពីផ្ទះបើកអាជីវកម្មវេរលុយយីហោ True Money នៅតាមបណ្ដោយផ្លូវ១០៨ កែងផ្លូវ៥១ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោងប្រមាណ១០៖២០នាទីយប់ ថ្ងៃអង្គារ៍ ២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨។ ប៉ុន្តែករណីនេះ ក៏បានស្ងប់ស្ងាត់ទៅវិញភ្លាមៗផងដែរ។

សេចក្ដីរាយការណ៍បន្តថា ក្រោយពីឮសំឡេងគ្រាប់កាំភ្លើងផ្ទួនៗ គេសង្កេតឃើញវត្តមានលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងកងកម្លាំងសមត្ថកិច្ចមូលដ្ឋាន មានទាំងកម្លាំងនគរបាលខណ្ឌដូនពេញ និងទាំងកម្លាំងអាវុធហត្ថខណ្ឌដូនពេញ បានចុះទៅក្បែរកន្លែងកើតហេតុភ្លាមៗដែរ ប៉ុន្តែដូចជាមិនហ៊ានចូលទៅសាកសួរ និងរំខានផ្ទះកើតហេតុនោះទេ បានត្រឹមតែដឹង និងឈរមើលពីចម្ងាយប៉ុណ្ណោះ។

ករណីផ្ទុះអាវុធចេញពីផ្ទះវេរលុយ True Money ខាងលើ ជនបង្កបាញ់លើសពី១០គ្រាប់ ដែលត្រូវបានប្រភពបង្ហើយប្រាប់ថា បង្កឡើងដោយឈ្មោះ ជា ដែលគេស្គាល់ថា ជាក្មួយប្រុសបង្កើតរបស់នាយករដ្ឋមន្ត្រី លោក ហ៊ុន ជា។ ករណីនេះ យើងមិនអាចសុំការពន្យល់ពីលោក ហ៊ុន ជា បានឡើយ។

មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ លោក ថោង ពិសិដ្ឋ បានបដិសេធមិនធ្វើការអត្ថាធិប្បាយណាមួយជុំវិញហេតុការណ៍ខាងលើនេះប្រាប់អង្គភាពសារព័ត៌មាន Cam Post ដោយលោកអះអាងថា បានសុំច្បាប់ទៅធ្វើបុណ្យនៅខេត្ត។ លោកមិនបានដឹងនោះទេ។

ទោះបីជាបែបណា វរសេនីយ៍ឯក ហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌដូនពេញ បានទទួលស្គាល់ថា ពិតជាមានករណីបាញ់បោះសេរីនៅចំណុចកើតហេតុខាងលើប្រាដមមែន។ ប៉ុន្តែលោកមិនបញ្ជាក់ពីអត្តសញ្ញាណជនបង្កឡើយ។ លោកបញ្ជាក់យ៉ាងដូច្នេះថា “ណាគេហ៊ាន សួរដូចពើចឹង”។

សូមបញ្ជាក់ថា គ្រាន់តែនៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ក្នុងរយៈពេលមកដល់មួយខែផង មានករណីផ្ទុះអាវុធចំនួន៣លើក សរុបជិត៣០គ្រាប់ទៅហើយ ហើយបានបង្កឲ្យជនជាតិទួកគីម្នាក់ រងរបួសផងដែរ។ ក្រៅពីខណ្ឌកណ្ដាលរាជធានីភ្នំពេញ នៅមានករណីផ្ទុះអាវុធនៅកន្លែងផ្សេងទៀត កើតឡើងនៅក្រុងភ្នំពេញ ខណៈការបោះឆ្នោតថ្នាក់ជាតិ នឹងឈានចូលមកដល់នៅខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor