
ភ្នំពេញៈ យុវជនម្នាក់ ទើបតែវ័យ១៧ឆ្នាំ បានក្លាយជាអ្នកទោសស្នេហា ខណៈត្រូវឪពុកម្តាយខាងស្រីប្តឹងនគរបាលឲ្យចាប់ខ្លួន ដោយចោទពីបទរួមរក្សលើអនិតិជនអាយុទើប១៣ឆ្នាំ ដោយសារតែពួកគេលេងហ្វេសប៊ុកស្គាល់គ្នាបាន៣ខែ ហើយខាងស្រីលង់ស្នេហ៍សម្តីផ្អែម វិចបង្វិចចេញពីស្រុកមកជួបខាងប្រុស បាត់៣ថ្ងៃ ក្រោយមកទើបឪពុកម្តាយតាមស្វែងរកឃើញ ប្តឹងនគរបាលឲ្យចាប់ខ្លួន កាលពីថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ កាលពីវេលាម៉ោង១២៖៣០នាទីរំលងអធ្រាត្រ នៅបន្ទប់ជួលក្នុង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
សមត្ថកិច្ចបានឲ្យដឹងថា យុវជនជាប់ចោទមានឈ្មោះ សម ឧត្តម ហៅឌី អាយុ១៧ឆ្នាំ ស្នាក់នៅបន្ទប់ជួលលេខ៤២ ផ្លូវ១៩៧០ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ចំណែកនារីរងគ្រោះមានឈ្មោះ ស អ ន អ រ អាយុទើប១៣ឆ្នាំ ជាអនីតិជន មានទីលំនៅសង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ ។

តាមអាណាព្យាបាលក្មេងស្រីរងគ្រោះ បានឲ្យដឹងថា កូនស្រីរបស់គាត់បានរត់ចេញពីផ្ទះបាត់ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ ក្រុមគ្រួសារឆោឡោ ស្វែងតាមរក ទីបំផុតឆែករកតាមរយៈហ្វេសប៊ុក ទើបរកឃើញទីតាំងមកសង្ងំស្នាក់នៅជាមួយយុវជនម្នាក់ខាងលើហើយក៏ប្តឹងនគរបាលឲ្យឃាត់ខ្លួនខាងប្រុសតែម្តង ។
យុវត្រូវចោទបានឆ្លើយសារភាពថា ពួកគេស្គាល់គ្នាតាមរយៈលេងហ្វេសប៊ុក រយៈពេល៣ខែមកហើយ សុំស្នេហ៍ សុំស្រឡាញ់គ្នាតាមរយៈទំនាក់ទំនងសារអេឡិចត្រនិច ផ្អែមល្ហែមកាន់តែស៊ីជម្រៅ រហូតដល់យប់ថ្ងៃទី១៤ ខែឧសភាកន្លងមក នាងវិចបង្វិចរត់មកជួបគ្នា ចូលដេកក្នុងផ្ទះសំណាក់យីហោ ស្កាយ នៅបានមួយយប់ បានទាំងរួមភេទ លុះដល់ថ្ងៃទី១៥ ខែឧសភា ទើបនាំគ្នាទៅជួលបន្ទប់ស្នាក់នៅរួមគ្នា នឹកថាបានសុខក្សេមក្សាន្ត មកដល់យប់ចូលថ្ងៃទី១៨នេះ ឪពុកម្តាយខាងស្រីមកតាមរកឃើញនាំសមត្ថកិច្ចឲ្យចាប់ខ្លួនគេតែម្តង ។
បច្ចុប្បន្នយុវជនជាប់ចោទ ត្រូវបាននគរបាលឃាត់ខ្លួននៅអធិការដ្ឋានគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាកានៅពេលក្រោយ៕
