Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ថៃៈ ថ្នាំញៀនប្រភេទយ៉ាម៉ា ប្រមាណជិត៨ម៉ឺនគ្រាប់ ត្រូវកម្លាំងតម្រួតថៃរឹបអូសបាន ជាមួយនិងមុខសញ្ញាសង្ស័យ ចំនួន៣នាក់ ខណៈដែលពួកគេកំពុងធ្វើសកម្មភាពដឹកជញ្ជូនថ្នាំញៀនទាំងនេះ ចេញពីខេត្តឧប៊ុនរ៉ាចថានី ឆ្ពោះទៅកាន់ខេត្តសុរិន្ទ ដើម្បីទទួលបានប្រាក់ឈ្នួលពីថៅកែធំ ។

បើយោងតាមរបាយការណ៍ពីសមត្ថកិច្ចថៃ បានឲ្យដឹងថា នៅពាក់កណ្តាលអធ្រាត្រថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍មួយ ដោយបានអះអាងថា មានរថយន្ត១គ្រឿង ប្រភេទមិតស៊ុយប៊ីស៊ី ពណ៌ខ្មៅ ពាក់ស្លាកលេខ សារៈបុរី ៣៥៤៦ ចេញដំណើរតាមផ្លូវលេខ២៤ (ជោគជ័យតេជៈ ឧត្តម) ដោយក្នុងនោះមានផ្ទុកនូវសារធាតុញៀនខុសច្បាប់ផង ។

ក្រោយពីទទួលបានសេចក្តីរាយការណ៍នេះភ្លាមៗ ក្រុមជំនាញតម្រួតថៃ បានចេញប្រតិបត្តិការដើម្បីត្រួតពិនិត្យនៅលើខ្សែបន្ទាត់នេះ។ រហូតដល់ម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ទើបប្រទះឃើញមុខសញ្ញាបង្ហាញខ្លួន នៅត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ៣១៨ ក្នុងឃុំក្រាក់សែង ស្រុកកាន់សាឡាក់ ខេត្តស៊ីសាកេត ទើបកម្លាំងបានឲ្យសញ្ញាទៅរថយន្តដើម្បីបញ្ឈប់ល្បឿន និងធ្វើការត្រួតពិនិត្យ។ នៅក្នុងរថយន្តដែលបើកបរដោយឈ្មោះ សុផាត់ ស៊ីស្អាត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ ជាជាងភ្លើង នៅខេត្តសុរិន្ទ គឺសមត្ថកិច្ចបានរកឃើញការ៉ុងជីចំនួនមួយ ដែលគេបានដាក់បង្កប់នៅក្រោមកៅអី ក្នុងនោះផងដែរក៏មានថ្នាំញៀនប្រភេទយ៉ាម៉ា ចំនួន៣៨ដុំ ស្មើនឹង៧៦០០០គ្រាប់ និង ថ្នាំញៀនប្រភេទម៉ាទឹកកក ទម្ងន់៩៩,៧ក្រាមផងដែរ។ នៅក្នុងរថយន្តនោះដែរ បក្ខពួកគេចំនួន២នាក់ទៀត គឺមានឈ្មោះ ផាន សុជិយ៉ាណុន ភេទប្រុស អាយុ២៤ឆ្នាំ ជានិស្សិត នៅក្នុងវិទ្យាល័យមួយ និង ឈ្មោះ ចុងរ៉ាក់ វ៉ុងវៀន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ ជាជាងភ្លើងដូចគ្នា ។

ក្រោយការឃាត់ខ្លួន ជនសង្ស័យទាំង៣នាក់ បានសារភាពថា នេះគឺជាលើកទី២ហើយ ដែលត្រូវបានគេជួលឲ្យដឹកឲ្យគេ ដោយបានប្រាក់ឈ្នួល ចំនួន២ម៉ឺនបាត ហើយលើកទី២នេះ ក៏មិនខុសពីលើកទី១ដែរ ដោយគេឲ្យដឹកចេញពីស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង ក្នុងស្រុកមឿង ខេត្តឧប៊ុនរ៉ាចថានី ឆ្ពោះទៅកាន់ខេត្តសុរិន្ទ ដោយមានម៉ូយចាំទទួលនៅទីនោះ ប៉ុន្តែត្រូវបានសមត្ថកិច្ចចាប់ខ្លួនតែម្តង ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញថៃ បានរៀបចំឯកសារ ដើម្បីបញ្ជូនខ្លួនជនសង្ស័យទាំង៣នាក់ រួមជាមួយនឹងថ្នាំញៀនដ៏ច្រើនសន្ធឹកសន្ធាប់នេះ ទៅកាន់តុលាការ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor