Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានបញ្ជាក់ពីការលើកលែងទោស លោក ញឹក ប៊ុនឆៃ ថា ជាអំណាចតុលាការ មិនពាក់ព័ន្ធនឹងនយោបាយឡើយ ហើយការអំពាវនាវ របស់លោក សម រង្ស៊ី មិនឲ្យពលរដ្ឋទៅបោះឆ្នោតជាជាគំនិតទន្ទាម ។

ការប្រតិកម្មនេះ បន្ទាប់ពីមានមតិមួយចំនួន រិះគន់អំពីស្ថាប័នតុលាការថា ការដោះលែងលោក ញឹក ប៊ុនឆៃ ស្ថិតក្នុងសម្ពាធនយោបាយ និងស្របពេលលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានអំពាវនាវកុំពលរដ្ឋទៅបោះឆ្នោតនៅពេលខាងមុខនេះ ។

លោក ផៃ ស៊ីផាន បានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី២ ខែឧសភា បញ្ជាក់ថា «ករណីរបស់ លោក ញឹក ប៊ុនឆៃ គឺជារឿងនីតិវិធី និងការសម្រេចដោយឯករាជ្យរបស់តុលាការ មិនពាក់ព័ន្ធ និងស្ថាប័នជាតិណាមួយនោះទេ។ រីឯការលើកឡើង ក្នុងទិដ្ឋភាពនយោបាយ អាស្រ័យដោយកម្ពុជាបច្ចុប្បន្នមិនមានស្ថានភាពណាមួយ ស្ថិតនៅក្នុងវិបត្តនយោបាយនោះទេ លើកលែងតែគណបក្សសង្រ្គោះជាតិ និងមន្រ្តីនយោបាយ១១៨រូប ក្នុងគណបក្សនោះ ត្រូវបានតុលាការកំពូលដាក់ទណ្ឌកម្ម លុបចោលគណបក្សសង្រ្គោះជាតិ និងដកហូតសិទ្ធិនយោបាយ ចំនួន៥ឆ្នាំតែប៉ុណ្ណោះ ។

ក្រៅពីសេចក្តីសម្រេចរបស់តុលាការកំពូល ការបាក់បែកក្នុងក្បាលម៉ាស៊ីន គណបក្សសង្រ្គោះជាតិ ត្រូវបានគេមើលឃើញជាសកល ក្នុងការដណ្ដើមអំណាចរវាង លោក សម រង្ស៊ី និង លោក កឹម សុខា ដូចជាការធ្វើរដ្ឋប្រហាររបស់ សម រង្ស៊ី ដណ្ដើមអំណាចប្រធានគណបក្សសង្រ្គោះជាតិ ប្រាសចាកពីបទបញ្ជាផ្ទៃក្នុងគណបក្សសង្រ្គោះជាតិ» ។

លោកបន្តថា លោក សម រង្ស៊ី បង្កើតចលនាសង្រ្គោះជាតិ ដើម្បីអំណាចជាប្រធាន។ គេអាចឃើញច្បាស់នៅពេលដែលរៀបចំសន្និបាតបក្ស សាខានៅទ្វីបអឺរ៉ុប គេបានតាំងរូប លោក សម រង្ស៊ី ជាប្រធាន ដោយមិនមានរូបថត លោក កឹម សុខា នោះឡើយ ។

ជាមួយគ្នានោះដែរ លោក ផៃ ស៊ីផាន ក៏បានលើកឡើងថា ការអំពាវនាវ របស់មេឧទ្ទាម សម រង្ស៊ី មិនឲ្យប្រជាពលរដ្ឋខ្មែរ ចូលរួមក្នុងការជ្រើសរើសអ្នកតំណាងរបស់ខ្លួន តាមរយៈការបោះឆ្នោតសកល ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ គឺជាយុទ្ធនាការឧទ្ទាមយ៉ាងពិតប្រាកដ និងជាក់ស្ដែង ដូចជាសម័យខ្មែរក្រហម ដែលជាឧទ្ទាមនៅក្នុងព្រៃ ធ្វើពហលីការមិនចូលរួមការបោះឆ្នោត នៅឆ្នាំ១៩៩៣ ក្នុងរយៈពេលកន្លងមក ។

លោកបញ្ជាក់ថា «ការអំពាវនាវនេះ គឺជាសកម្មភាពប្រឆាំងនឹងអំណាច ជាមួយនិងឆន្ទៈមហាជន ក្នុងការសម្ដែងឆន្ទៈតាមរយៈសន្លឹកឆ្នោតរបស់ខ្លួន ដើម្បីជ្រើសរើសអ្នកតំណាង ដែលមកអង្គុយតស៊ូមតិនយោបាយក្នុងរដ្ឋសភា ដែលមានមតិភាគច្រើន និងមតិភាគតិច ជាមូលដ្ឋានគ្រឹះ នៃ លទ្ធិប្រជាធិបតេយ្យ ។ ជាក់ស្ដែងបន្ថែមទៀតនោះ គឺការប្រឆាំង និងបំផ្លាញភាពស្របច្បាប់របស់ស្ថាប័នប្រជាធិបតេយ្យ និងយន្តការរបស់រដ្ឋ ដែលកើតចេញពីជម្រើសសុទ្ធសាធរបស់មហាជន ។

លោកក៏បានលើកជាឧទាហរណ៍ថា ជនរូបនេះបានប្រឆាំង និងមិនឲ្យតម្លៃដល់លទ្ធផល នៃការបោះឆ្នោត ដែលជាឆន្ទះរបស់រាស្រ្តក្នុងរយៈពេលជាង២០ឆ្នាំកន្លងមក។ ប្រឆាំងនឹងរាជរដ្ឋាភិបាល និងរដ្ឋសភា ដែលកើតចេញពីការបោះឆ្នោត។ ប្រឆាំងនឹងព្រះមហាក្សត្រ ដែលព្រះអង្គមានព្រះរាជទទួលនាទី ធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈឲ្យមានភាពទៀងទាត់។ ប្រឆាំងនឹងស្ថាប័នតុលាការ ដែលជាអំណាចគ្របដណ្ដប់ទៅលើរឿងក្តីទាំងអស់ ។

នេះជាសកម្មភាព និងស្មារតីរបស់ឧទ្ទាមសុទ្ធសាធ បើទោះបីមានការសម្បទាននយោបាយយ៉ា ងណាក៏ដោយ ក៏ជននេះ មិនបោះបង់ចោលទិសដៅ នៃការមិនទទួលស្គាល់ជម្រើសរបស់មហាជនភាគច្រើន មិនទទួលស្គាល់វប្បធម៌សន្ទនា ដែលជាការប្រឹងប្រែងនឹងសម្បទាននយោបាយខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ។

លោកគូសបញ្ជាក់ថា បុគ្គលនេះ ឬក្រុមនេះ មិនញញើតយកឈាមប្រជាពលរដ្ឋខ្មែរ ដើម្បីលាងជើងធ្វើដំណើរទៅកាន់អំណាចអត្តនោម័តិនោះឡើយ ។

សរុបសេចក្តីការអំពាវនាវ មិនឲ្យប្រជាពលរដ្ឋចូលរួមការបោះឆ្នោត គឺជាការប្រឆាំងនឹងឆន្ទៈមហាជន ដែលជាអំណាចជ្រើសរើសអ្នកតំណាងរបស់គេ។ ការអំពាវនាវនេះ គឺជាអំពើផ្ដាច់ការសុទ្ធសាធ ។

សូមជម្រាបថា លោក ញឹក ប៊ុនឆៃ ត្រូវបានតុលាការសម្រេចដោះលែងឲ្យមានសេរីភាព ជាបណ្តោះអាសន្ន កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ។ បន្ទាប់ពីមានការដោះលែងមក ត្រូវបានមតិមួយចំនួនលើកឡើងថា មកពីមានសម្ពាធនយោបាយពីក្រៅប្រទេស និងដើម្បីស្ថានការណ៍នយោបាយមានភាពល្អប្រសើរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor