
ប្រិយមិត្តប្រហែលជាបានជ្រាបហើយទាក់ទងនឹងករណីហិង្សា ដែលបង្កឡើងដោយ មន្ត្រីនគរបាល និងស្ត្រីម្នាក់បើកបរមិនគោរពច្បាប់ចរាចរ និងមានការតតាំងជាសមត្ថកិច្ច ដោយមិនទទួលស្គាល់កំហុស ព្រមទាំងគ្រវាសដៃធ្វើឲ្យធ្លាក់ទូរស័ព្ទដៃរបស់មន្ត្រីប៉ូលិស បែក ក៏កើតជាកំហឹង ទះកំផ្លៀងស្រ្ដីនោះតែម្ដងទៅ កាលពីថ្ងៃទី ២១ ខែ ឧសភាឆ្នាំ ២០១៨ កន្លងទៅ ។

ជាមួយគ្នានេះដែរ ដោយមើលឃើញពីភាពខ្វះខាត របស់មន្ត្រីប៉ូលិស នាយប់ថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០១៨ តាមរយៈគណនីហ្វេសប៊ុកលោក Piseth Ouk បានប្រកាសស្វែងរកលោកអនុសេនីយ៍ទោ កៅ សំអុល ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលស្វាយព្រៃទី១ ដើម្បីជូនទូរស័ព្ទមួយគ្រឿង ដោយលោកបានរៀបរាប់ថា ៖

អធ្យាស្រ័យ អ៊ុំពូមីងបងប្អូនមិត្តភក្កិនៅក្នុងប្រពន្ធ័ Facebookទាំងអស់គ្នា ខ្ញុំ Piseth Ouk មានបំណងជូនទូរស័ព្ទ១គ្រឿងដល់ លោក កៅ សំអុល បើមានអ្នកស្គាល់លេខទូរស័ព្ទគាត់ អាចChat មកinbox របស់ខ្ញុំដោយក្តីរីករាយ...🤝💐

សូមជម្រាបជូនថា នាព្រឹកថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៨នេះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញលិខិតបង្គាប់ ស្តីពី ការផ្អាកការងារបណ្តោះអាសន្ន ដោយបានសម្រេចផ្អាកការងារបណ្តោះអាសន្ន ចំពោះលោកអនុសេនីយ៍ទោ កៅ សំអុល ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។