ភ្នំពេញៈ ជនជាតិវៀតណាមចំនួន៤នាក់ ប្រុសម្នាក់ ត្រូវបានកម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង២និង៥០នាទីរសៀលថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅកន្លែងកាត់សក់ ហាង ប៉ារីស ,ហាង ស៊ាន វ៉ៃ ,ហាងលីលី និងហាង នីនី តាមបណ្ដោលផ្លូវលេខ១០៧ ក្នុងសង្កាត់អូរឬស្សី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ និងមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា បន្តថា ក្រោយពីធ្វើការត្រួតពិនិត្យរួច កម្លាំងឃាត់ខ្លួនជនជាតិវៀតណាម៤នាក់ (ប្រុសម្នាក់) គ្មានលិខិតឆ្លងដែនត្រឹមត្រូវ មកបម្រើការងារកាត់សក់និងអ៊ុតសក់។
ពាក់ព័ន្ធនិងករណីនេះផងដែរ លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ក៏បានធ្វើការអំពាវនាវ និងសុំឲ្យជនបទេស ដែលមកស្នាក់នៅនិងធ្វើការសុំច្បាប់ និងគោរពច្បាប់ ប្រទេសកម្ពុជាផង បើពុំនោះទេ សមត្ថកិច្ច និងចាត់វិធានការដោយពុំលើកលែងឡើយ។
លោកបានបន្តបន្ថែមទៀតថា កន្លងមកលោកបានធ្វើការអំពាវនាវ ដល់ម្ចាស់ រោងចក្រ សហគ្រាស់ និងសិប្បកម្ម ការដ្ឋាននានា អស់ឲ្យបញ្ឈប់ការជួលកម្មករបរទេស ដែលចូលមកដោយ ខុសច្បាប់មកធ្វើការបន្តទៀត នៅក្នុងការរដ្ឋាននិងសិប្បកម្ម របស់ខ្លួន បើពុំនោះទេ សមត្ថកិច្ចនិងចាត់វិធានការ ទៅតាមផ្លូវច្បាប់ចំពោះអ្នករឹងទទឹង។
យោងតាមមាត្រា២៩ ច្បាប់ស្តីពីអន្តោប្រវេសន៍បានចែងថា ជនបរទេសណា ដែលគ្មានការអនុញាត ហើយចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ដោយលបលួចលាក់បន្លំ ឬល្បិចផ្សេងទៀតដែលផ្ទុយពីបទបញ្ញត្តិនៃច្បាប់នេះ ត្រូវផ្តន្ទាទោស ដាក់គុកពីបី ខែដល់ ៦ខែ មុននិងបណ្តេញចេញ ត្រូវផ្តន្ទាទោស ដូចគ្នានឹងជនល្មើស ចំពោះជនណាដែលផ្តល់ជំនួយ ឬជួយលាក់បាំងក្នុងការបញ្ចូលជនបរទេស ដែលគ្មានការអនុញ្ញាតមកក្នុងព្រះរាជាណាចក្រកម្ពុជា មន្ត្រីភ្នាក់ងាររាជការ មានសមត្ថកិច្ចរូបណា ដែលជាអ្នកសមគំនិត ឬជួយសម្រួលក្នុងការប្រព្រឹត្ត បទល្មើសខាងលើ ត្រូវផ្តន្ទាទោស ដាក់គុកពី១ខែដល់១ឆ្នាំ ហើយមន្ត្រីរាជការមានសមត្ថកិច្ចរូបណា ដែលធ្វើមានការធ្វេសប្រហេស ខ្វះការប្រុងប្រយត្ន័ ឬមិនគោរពបទបញ្ជា ត្រូវទទួល ការផ្តន្ទាទោស ផ្នែករដ្ឋបាលមធ្យោបាយសម្ភារៈប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើស ត្រូវរឹមអូសទុកជាសម្បត្តិរដ្ឋដោយតុលាការ៕