
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានព្រមាននឹងដកហូតអាជ្ញាប័ណ្ណត្រឡប់មកវិញ ប្រសិន បើក្រសួងរកឃើញថា មានក្រុមហ៊ុនរុករករ៉ែ និងក្រហ៊ុនធ្វើអាជីវកម្មរ៉ែលោហៈណា មិនអនុវត្ត តាមលក្ខខណ្ឌកំណត់របស់ក្រសួង ហើយបានធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋនៅក្បែរនោះ។
ការព្រមាននេះធ្វើឡើងក្នុងកិច្ចប្រជុំបន្ទាន់មួយនៅព្រឹកថ្ងៃទី២៣ ខែឧសភានេះ ជាមួយក្រុមហ៊ុនរុករករ៉ែ និងក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែលោហៈ ចំនួន២៤ក្រុមហ៊ុន ក្នុងចំណោម២៥ក្រុមហ៊ុន ដើម្បីធ្វើការណែនាំអំពីលក្ខខណ្ឌច្បាប់ និងក្រើនរំលឹកឲ្យមានការយកចិត្តទុកដាក់ចំពោះបញ្ហាបរិស្ថាន លោក ស៊ុយ សែមរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានក្រើនរំលឹកដល់ក្រុមហ៊ុនរុករករ៉ែ និងធ្វើអាជីរកម្មរ៉ែលោហៈទាំងអស់ ត្រូវគិតគូរពីការគ្រប់គ្រងបរិស្ថានឡើងវិញទាំងក្នុងការដ្ឋាននិងក្រៅការដ្ឋាន ដើម្បីកុំអោយមានផលប៉ះពាល់សុខុមាលភាពនិងអាយុជីវីតប្រជាពលរដ្ឋ។
ការជំរុញឲ្យក្រុមហ៊ុនទាំងអស់នេះគិតគូរពីបញ្ហាបរិស្ថាននេះ បានធ្វើឡើងក្រោយពេល ដែលមានប្រជាពលរដ្ឋចំនួន១៣នាក់បានស្លាប់ និងជាង៣០០នាក់ទៀតបានធ្លាក់ខ្លួនឈឺ ស្ថិតក្នុងខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ដែលសង្ស័យថា រងការបំពុលពីសារធាតុគីមី ដែលបង្ហូរចេញពីការដ្ឋានទាញយករ៉ែ។
លោកបានបញ្ជាក់ថា ក្រសួងនឹងពង្រឹងការតាមដាននិងចុះទៅនិត្យនៅការដ្ឋានជាក់ស្តែង ហើយបើរកឃើញមានក្រុមហ៊ុនរ៉ែណាបង្កមហន្តរាយដល់បរិស្ថាន បំពុលខ្យល់ ដី និងទឹកនោះ ក្រសួងមិនអត់ឱនឲ្យឡើយ ដោយអនុវត្តទៅតាមច្បាប់រួមទាំងដកហូតអជ្ញាប័ណ្ណ៕
