Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា គ្មានមេដឹកនាំណាមួយ មិនឲ្យពលរដ្ឋទៅបោះឆ្នោតនោះទេ គឺមានតែជនអគតិ ដែលមានបំណងបំផ្លិចបំផ្លាញលទ្ធិប្រជាធិបតេយ្យ ទើបធ្វើបែបនេះ ។

ការលើកឡើងរបស់ប្រមុខដឹកនាំប្រទេស និងប្រមុខដឹកនាំគណបក្សកាន់អំណាចនេះ ដូចជាសារមួយផ្ញើទៅកាន់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលបានអំពាវនាវកុំឲ្យពលរដ្ឋទៅបោះឆ្នោត នៅពេលខាងមុខនេះ ។

សម្តេចតេជោ ហ៊ុន សែន បានសរសេលើកបណ្តាញសង្គម នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ថា ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត គឺកាន់តែខិតជិតមកដល់ហើយ គឺនៅតែជាង២ខែទៀ តប៉ុណ្ណោះ។ សម្តេច ក៏បានឲ្យដឹងថា មកទល់ថ្ងៃទី១៦ឧសភានេះ គឺមានគណបក្សនយោបាយ៥ ដូចជា ទី១-គណបក្សប្រជាជនកម្ពុជា, ទី២-គណបក្សយុវជនកម្ពុជា, ទី៣-គណបក្សសញ្ជាតិកម្ពុជា, ទី៤-គណបក្សខ្មែររួបរួមជាតិ, និង ទី៥-គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលបានបំពេញបែបបទត្រឹមត្រូវចុះបញ្ជី និងបានទទួលស្គាល់ជាផ្លូវការពី គ.ជ.ប ក្នុងការចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ។

នៅថ្ងៃទី ១៦ឧសភានេះ គឺ គ.ជ.ប និងពិនិត្យសម្រេចទទួលស្គាល់គណបក្សនយោបាយមួយចំនួនថែមទៀត ដែលបានបំពេញបែបបទត្រឹមត្រូវរួចរាល់ហើយ។ យោងតាមចំនួនគណបក្សនយោបាយ ដែលបានដាក់ពាក្យចុះបញ្ជីចូលរួមប្រកួតប្រជែងការបោះឆ្នោតខាងមុខនេះរួចហើយ គឺមានគណបក្សនយោបាយចំនួន២០ ដែល គ.ជ.ប កំពុងពិនិត្យបែបទថា តើបានបំពេញត្រឹមត្រូវរួចរាល់ហើយ ឬនៅមានខ្វះខាតអ្វី ។

សម្តេចសរសេទៀតថា បើយើងប្រៀបធៀបភាគរយ នៃការចូលរួមបោះឆ្នោត ពីសំណាក់ប្រជាពលរដ្ឋរវាងប្រទេសកម្ពុជា និងសហគមន៍អ៊ឺរ៉ុប និងសហរដ្ឋអាមេរិក គឺអ៊ឺរ៉ុបមានប្រជាពលរដ្ឋ ទៅបោះឆ្នោតក្នុងរង្វង់៣០% ក៏អាចទទួលយកបាន រីឯសហរដ្ឋអាមេរិក គឺមានពលរដ្ឋទៅបោះឆ្នោត តែក្នុងរង្វង់៤០%ប៉ុណ្ណោះ។ ប៉ុន្តែចំពោះកម្ពុជា គឺមានពលរដ្ឋជាង៦៩% ទៅបោះឆ្នោត ។

សម្តេចគូសបញ្ជាក់ថា “នេះគឺបង្ហាញច្បាស់អំពីការរីកចម្រើន នៃលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសយើង មិនដូចការបកស្រាយដោយជនអគតិមួយចំនួនឡើយ។ ច្បាស់ណាស់ គឺគ្មានមេដឹកនាំណាមួយណែនាំពលរដ្ឋខ្លួន មិនឲ្យទៅបោះឆ្នោតទេ មានតែជនអគតិដែលមានបំណងបំផ្លិចបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងឆន្ទៈប្រជាពលរដ្ឋទេ ទើបពួកគេអាចធ្វើដូច្នេះ។សូមបងប្អូនជនរួមជាតិ និងកូនក្មួយយុវជនទៅបោះឆ្នោតនៅក្នុងថ្ងៃបោះឆ្នោត ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខទាំងអស់គ្នា” ។

ចាប់ពីបិទបញ្ចប់ឈប់ទទួលចុះបញ្ជីបេក្ខជនឈរឈ្មោះគណបក្សនយោបាយ កាលពីថ្ងៃទី១៥ ខែឧសភាកន្លងមកនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសទទួលស្គាល់ជាផ្លូវការគណបក្សនយោបាយ ចំនួន៥ហើយ ខណៈគណបក្សនយោបាយចំនួន២០ បានមកចុះបញ្ជី។ នេះបើតាមការឲ្យពីអ្នកនំាពាក្យ គ.ជ.ប ។

លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យគ.ជ.ប បានឲ្យដឹងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ថា គ.ជ.ប បានទទួលស្គាល់ជាផ្លូវការ ការចុះបញ្ជីគណបក្សនយោបាយហ៊្វុនស៊ិនប៉ិច ដែលឈរនៅ២៥មណ្ឌលជាផ្លូវការ ។

លោកបន្តថា បន្ទាប់ពីទទួលស្គាល់គណបក្សហ្វ៊ុនស៊ិនប៉ិច គ.ជ.ប បានទទួលស្គាល់គណបក្សនយោបាយសរុប មានចំនួន៥គណបក្សហើយ រួមមាន៖ ទី១. គណបក្សយុវជនកម្ពុជា ដែលឈរនៅ១៧មណ្ឌល។ ទី២. គណបក្សប្រជាជនកម្ពុជា ដែលឈរនៅ២៥មណ្ឌល។ ទី៣. គណបក្សសញ្ជាតិកម្ពុជា ដែលឈរនៅ២៥មណ្ឌល។ ទី៤. គណបក្សខ្មែររួបរួមជាតិ ដែលឈរនៅ២៥មណ្ឌ ល។ ទី៥. គណបក្សហ្វ៊ុនស៊ិនប៉ិច៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor