
រតនគិរីៈ ជនសង្ស័យម្នាក់ ដែលត្រូវជាឪពុកចុង បានធ្វើសកម្មភាពចាប់រំនលោភកូនស្រី មានអាយុ៩ឆ្នាំ បានសម្រេច ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីព្រឹកថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១១៖០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលកាឡែង បានទទួលបណ្តឹងពីឈ្មោះ ជាំ ភេត ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិទំពួន រស់នៅភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់ (ត្រូវជាអ៊ុបង្កើតរបស់ជនរងគ្រោះ) មកប្ដឹងរាយការណ៍ថា នៅថ្ងៃទីខែ (មិនចាំប្រហែលពីរខែមុន) ឆ្នាំ២០១៨ នៅចំណុចផ្ទះឈ្មោះ ស្ខូ សាន់ដាន់ ស្ថិតក្នុងភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់ មានករណីរំលោភសេពសន្ថវៈ មកលើក្មួយស្រីរបស់គាត់ ។

សមត្ថកិច្ចបន្តថា កុមារីរងគ្រោះមានឈ្មោះ ស.ស.ន ដ.ន ភេទស្រី អាយុ៩ឆ្នាំ ជនជាតិទំពួន ចំណែកជនសង្ស័យឈ្មោះ ស៊ីណាត ខាក ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិ ឡាវ មុខរបរ កសិករ(ត្រូវជាឪពុកចុងរបស់ជនរងគ្រោះ) អ្នកទាំងពីរ រស់នៅភូមិឃុំកើតហេតុខាងលើ ។

បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចបានឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកលំផាត់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
