
ភ្នំពេញៈ ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកឃាត់ខ្លួន បន្ទាប់ពីពួកគេជិះម៉ូតូធំឌុបគ្នាចុះឡើងៗ ហើយសមត្ថកិច្ចសង្ស័យ ក៏ជិះម៉ូតូដេញតាមសុំធ្វើការត្រួតពិនិត្យ ហើយពួកគេបម្រុងជិះគេចខ្លួន និងដកហូតឧបករណ៍សម្រាប់កាច់.កម៉ូតូ និងឆ្កឹះសោរ១ឈុត។
ការឃាត់ខ្លួននេះ សមត្ថកិច្ចធ្វើឡើងកាលពីវេលាម៉ោង១យប់ រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចទល់មុខផ្ទះលេខ៦D ផ្លូវលេខ៤០២ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនទី១.ឈ្មោះ ជា ហេង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរអូសបន្លែនៅផ្សារដើមគរ ស្នាក់នៅផ្សាដើមគរ ទី២.ឈ្មោះ សួស រ៉េត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរអូសបន្លែ នៅផ្សារដើមគរ ស្នាក់នៅខាងក្រោយមន្ទីរពេទ្យរុស្សុី និងទី៣.ឈ្មោះ សំរឹត ទូ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
ជាមួយគ្នានោះ សមត្ថកិច្ចបានដកហូតឧបករណ៍សម្រាប់កាច់កម៉ូតូ និងឆ្កឹះសោរ ១ឈុត និងម៉ូតូ១គ្រឿង ម៉ាក YAMAHA FZ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BA-1128។

តាមសម្តីលោក ផន សំអូន មេប៉ុស្តិនគរបាលទំនប់ទឹកបានឲ្យដឹងថា មុនឈានដល់ឃាត់ខ្លួនជនសង្ស័យខាងលើ គឺកម្លាំងសមត្ថកិច្ចរបស់លោក បានជិះល្បាតក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ខណៈមកដល់ផ្លូវលេខ៤៣០ ក្រោយមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ស្រាប់តែប្រទះឃើញជនសង្ស័យទាំង៣នាក់ខាងលើ ជិះម៉ូតូធំឌុបគ្នាចុះឡើងក្នុងសភាពខុសប្រក្រតី។ ដោយមានការសង្ស័យ កម្លាំងក៏បានជិះម៉ូតូដេញតាមដើម្បីសុំធ្វើការត្រួតពិនិត្យ តែពួកគេទាំង៣នាក់បម្រុងជិះគេចខ្លួន ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ឆែកឆេររកឃើញឧបករណ៍ពាក់ព័ន្ធបទល្មើស ទើបនាំខ្លួនយកទៅសួរនាំតែម្តង។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការតាមនីតិវិធី៕



