
ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយទៀតហើយបានកើតឡើង បណ្ដាលឲ្យក្មេងៗតូចៗ២នាក់បានស្លាប់ ក្រោយពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ជាបន្តបន្ទាប់ និង៤នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ហ៊ីយ៉ាន់ដាយ យីឌុប ដឹកទំនិញ របស់ក្រុមហ៊ុន L.M.H ដឹកជញ្ជូន បើកបរក្នុងល្បឿនលឿន បុកអូសរថយន្តម៉ាក Hilux Vigo ប្រហែល២០ម៉ែត្រ ពេញទំហឹងខ្ទេចទាំងស្រុង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨នេះ ស្ថិតនៅចំណុចផ្លូវបំបែកជាបួន ផ្លូវលេខ៦០ម៉ែត្រ ស្ថិតក្នុងភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល (ព្រំប្រទល់ជាមួយខណ្ឌដង្កោ)។

យោងតាមប្រភពព័ត៌មានផ្ទាល់ពីសាច់ញាតិជនរងគ្រោះបានឲ្យភ្នាក់ងាសារព័ត៌មាន CAM POST ដឹងថា ភាគីខាងរថយន្ត Hilux Vigo ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2N-4733 ជាអ្នករស់នៅខាងស្លាបលែង ក្នុងខេត្តកំពង់ស្ពឺ ដែលទើបតែទិញរថយន្តបានប៉ុន្មានថ្ងៃប៉ុណ្ណោះ ហើយនៅថ្ងៃកើតហេតុម្ចាស់រថយន្តរងគ្រោះ បានបើករថយន្តខាងលើមកលេងផ្ទះបងប្អូន នៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ និងបានបើកបររថយន្តនាំបងប្អូន និងក្មេងតូចៗសរុប៦នាក់ គោលបំណងទៅលេងផ្សារទំនើបអុីអន ហើយហួសទៅលេងកោះពេជ្រទៀត ដោយបានធ្វើដំណើរពីត្បូងមកជើង តាមបណ្តោយផ្លូវ៦០ម៉ែត្រ។ លុះដល់ចំណុចកើតហេតុ ដែលជាចំណុចផ្លូវបំបែកជាបួន ស្រាប់តែមានរថយន្តធុនធំមួយគ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទយីឌុក ដឹកទំនិញ១៦តោន របស់ក្រុមហ៊ុន L.M.H ដឹកជញ្ជូន ពាក់ស្លាកលេខព្រះសីហនុ 3A-0830 ដែលធ្វើដំណើរពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ក៏បានជ្រុលមកបុករថយន្ត Hilux Vigo ចំពាក់កណ្ដាលយ៉ាងពេញទំហឹង អូសប្រហែល២០ម៉ែត្រទៀតទើបឈប់ បណ្តាលឲ្យមនុស្ស៥នាក់ក្មេងចាស់រងរបួសធ្ងន់។ រីឯបុរសជាតៃកុងរថយន្ត កៀបជាប់ពាក់កណ្ដាលខ្លួនក្នុងកាប៊ីនរថយន្ត ត្រូវបានប្រជាពលរដ្ឋជួយគាស់យកចេញ និងដឹកតាមរថយន្តគិលានសង្គ្រោះទៅគ្លីនិកឯកជនសួគា៍ ដើម្បីជួយសង្គ្រោះបន្ទាន់។ ចំណែកឯអ្នករងរបួសក្មេងចាស់ប្រុសស្រី៥នាក់ទៀត ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យជាបន្តបន្ទាប់តែម្តង។

ប្រភពព័ត៌មានដដែលបានបន្តថា ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ ក្មេងតូចៗ២នាក់ បានស្លាប់បាត់បង់ជីវិត។ ដោយឡែក៤នាក់ទៀត កំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យផ្សេងៗគ្នា។

ចំណែកអ្នកបើកបររថយន្តបង្កហ៊ីយ៉ាន់ដាយក្រោយបង្កហេតុ បានឈប់រថយន្តហើយចុះរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលជំនាញផ្នែកចរាចរណ៍ បានចុះមកធ្វើការវាស់វែង រួចអូសយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល រង់ចាំដោះស្រាយគ្នាតាមច្បាប់នៅពេលក្រោយ៕










