
មណ្ឌលគិរីៈ ក្រោយពីមានផ្ទុះករណីពុលទឹកនៅខេត្តក្រចេះបណ្តាលឲ្យប្រជាពលរដ្ឋប្រុសស្រីក្មេងចាស់ជាច្រើនាក់ស្លាប់ និងរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនោះ នាល្ងាចថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨នេះ នៅខេត្តមណ្ឌលគិរីឯនេះវិញ សង្ស័យក៏ជាករណីពុលទឹកផងដែរ ដែលធ្វើឲ្យប្រជាពលរដ្ឋ១៤នាក់មានអាការៈក្អួតចង្អោរ និងកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ។

ស្នងការខេត្តមណ្ឌលគិរី លោក ឡោ សុខា បានឲ្យដឹងថា ប្រជាពលរដ្ឋ១៤នាក់រស់នៅភូមិព្រះ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងនោះ មានស្រី៦នាក់ មានអាការៈ ក្អួតចង្អោរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ តែពុំមាននរណាម្នាក់គ្រោះថ្នាក់ដល់ជីវិតឡើយ។

លោកស្នងការបានបញ្ជាក់ថា ដោយមានការជួយសង្គ្រោះបន្ទាន់ពីសមត្ថកិច្ច និងក្រុមគ្រូពេទ្យបានទាន់ពេលវេលា ប្រជាពលរដ្ឋ៦នាក់ ក្នុងចំណោម១៤នាក់ មានអាការៈធូរស្បើយ និងអាចត្រលប់ទៅគេហដ្ឋានវិញផងដែរ។ ដោយឡែកនៅសល់៨នាក់ទៀតក្រុមគ្រូពេទ្យកំពុងតែធ្វើការសង្គ្រោះបន្ទាន់៕
