
តាកែវៈ រថយន្តកូរ៉េ១គ្រឿង ដឹកទំនិញខ្ពស់ពេកគេចពីរថយន្តធុនធំ១គ្រឿងទៀត បណ្តាលឲ្យក្រឡាប់ច្រងាងៗនៅកណ្តាលផ្លូវ តែសំណាងល្អពុំមានអ្នករងរបួស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើតកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្តាយផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៤៦-៤៧ ស្ថិតក្នុងភូមិត្រពាំងឈូកឃុំសូភី ស្រុកបាទី ខេត្តតាកែវ។

បើតាមបុរសម្នាក់ដែលបានឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញរថយន្ត១គ្រឿង ម៉ាកកូរ៉េ ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 2T-9255 ដឹកទំនិញខ្ពស់សំពីងសំពោង ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តធុនធំដឹកសុីម៉ង់ត៍១គ្រឿង ធ្វើដំណើរស្របគ្នាបានព្យាយាមបើកជែង ធ្វើឲ្យតៃកុងរថយន្តកូរ៉េទាញបួងចង្កូតគេចមកម្ខាងទៀតជ្រុល បណ្តាលឲ្យក្រឡាប់ចំកណ្តាលផ្លូវ តែសំណាងល្អអ្នកជិះនៅក្នុងរថយន្តទាំង៣នាក់ រងរបួសស្រាល។ ក្រោយឃើញបែបនេះ រថយន្តក្រឡុកសុីម៉ងតិ៍ក៏បានបន្ថែមល្បឿនជិះរត់គេចបាត់ស្រមោលតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ធ្វើការវាស់វែង រួចឲ្យម្ចាស់រថយន្តរងគ្រោះហៅរថយន្តស្ទួចមកស្ទូចចេញពីកណ្តាលផ្លូវ ដើម្បីឲ្យចរារចណ៍ដំណើរការឡើងវិញ៕


